បណ្តាញសង្គម

នគរបាល​ជាតិ​បង្ក្រាប​បទល្មើស​ជិត​៤០​ករណី ឃាត់ខ្លួន​មនុស្ស​ជាង​៦០​នាក់ ក្នុង​ថ្ងៃ​ម្សិលមិញ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៦៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ពន្ធនឹងបទល្មើសផ្សេងៗគ្នា ចំនួន៣៨ករណី ដែលកើតឡើងក្នុងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។

លោកទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ថា ក្នុងចំណោមបទល្មើសទាំងនោះ បទល្មើសព្រហ្មទណ្ឌមាន ៩ករណី ឃាត់ខ្លួនមនុស្ស ១៣នាក់ បទល្មើសមជ្ឈឹមមាន ៦ករណី ឃាត់ខ្លួនមនុស្ស ៨នាក់។ ឯល្បែងស៊ីសងមាន ២ករណី ឃាត់ខ្លួនមនុស្ស ១នាក់ និងករណីក្មេងទំនើងមាន ១ករណី ឃាត់ខ្លួន ១នាក់ ។

លោក ទូច សុឃៈ ក៏បានផ្ដល់ព័ត៌មាន អំពីករណីគ្រឿងញៀន ដែលនៅថ្ងៃទី២៨ ខែមីនា ដដែល នគរបាលជាតិចាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បន្តបង្ក្រាបបានចំនួន ២៦ករណី ឃាត់ខ្លួនមនុស្ស៥០នាក់ និងអនុវត្តដីការចំនួន ១ករណី ។

លោកបញ្ជាក់ទៀតថា បទល្មើសគ្រឿងញៀនទាំងនោះ មាននៅខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ កំពង់ធំ កំពត កណ្ដាល រាជធានីភ្នំពេញ ពោធិ៍សាត់ ស្វាយរៀង និងខេត្តតាកែវ ដោយកម្លាំងសមត្ថកិច្ច បានដកហូតគ្រឿងញៀនចំនួន៥គីឡូក្រាម ២៤៤,៣៧ក្រាម និងកញ្ឆា៤០០ដើម ៕

ដកស្រង់ពី៖កោះសន្តិភាព