បណ្តាញសង្គម

ខឹងក្របីអ្នកស្រុកចូលស៊ីដំណាំរាល់ថ្ងៃ លបបា.ញ់សម្លា.ប់២ក្បាល

ខេត្តព្រះវិហារ ៖ ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីប្រើប្រាស់អាវុធដោយខុសច្បាប់ លបបាញ់សម្លាប់សត្វក្របីបណ្ដាលឱ្យងាប់២ក្បាល ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុករវៀង ខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ករណីខាងលើនេះ ត្រូវបានគេរាយការណ៍ថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋ បាលរតន: ស្រុករវៀង ខេត្តព្រះវិហារ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋម្នាក់ មុខរបរជាកសិករ រស់នៅភូមិកេរ ឃុំរតន: ស្រុករវៀង បានប្ដឹងពីករណីសត្វក្របីចំនួន២ក្បាលងាប់នៅក្បែរ ចម្ការស្ថិតក្នុងភូមិកេរ ឃុំរតន: ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងនោះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុករវៀង ក្រោមការចង្អុលបង្ហាញពីលោកឧត្ត មសេនីយ៍ទោស្នងការនគរបាលខេត្តព្រះវិ ហារ បានបើការស៊ើបអង្កេត និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាបាញ់សម្លាប់សត្វក្របី២ ក្បាលនោះ ។ ជនសង្ស័យនោះមានឈ្មោះ ហេង ចេតនា ហៅ ចែវ ភេទ ប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកេរ ឃុំរតន: ស្រុករវៀង ខេត្តព្រះវិហារ ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានធ្វើការដកហូតអាវុធអាការ៤៧ ចំនួន១ដើម បង់២ និងក្បាលគ្រាប់ចំនួន២ ដែលពាក់ព័ន្ធករណីបាញ់សម្លាប់សត្វក្របី ។

នៅពេលឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់អាវុធអាការ បាញ់សម្លាប់សត្វក្របីរបស់ប្រជាពលរដ្ឋប្រាកដមែន មូលហេតុ ខឹងសត្វក្របីនោះចូលស៊ីដំណាំក្នុងចំ ការរបស់គាត់ជារៀងរាល់ថ្ងៃ ។ ដោយយោងតាមពាក្យបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យពាក់ព័ន្ធបទល្មើសជាក់ស្តែង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព