បណ្តាញសង្គម

មកដល់ពេលនេះ! ឃា.តករសារភាពកាន់តែស៊ីជម្រៅថែមទៀត ករណីចា.ក់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ

រាជធានីភ្នំពេញ ៖ ឃាតករដែលចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ រហូតដល់ស្លាប់រួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះលេខ៣១ ផ្លូវ៣៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ បានបន្តសារភាពយ៉ាងស៊ីជម្រៅថែមទៀត នូវមូលហេតុដែលនាំឱ្យខ្លួនផ្ទុះកំហឹងផ្ដាច់ជីវិតស្ត្រីរូបនោះ។

ដែលប៉ុន្មានថ្ងៃមុននេះជនដៃដល់បានសារភាពមួយជំហានថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ទេគឺទំនាក់ទំនងតាមរយៈឆាត(FB) ។ ខ្លួនមិនបានដឹងថា ខាងនារីរងគ្រោះមានប្ដីនិងកូននោះទេ ហើយចំណែកខាងនាងក៏មិនបានប្រាប់ឱ្យខ្លួនដឹងថានាងមានប្ដីមានកូននោះដែរ មិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឱ្យនាងជាហូរហែថែមទៀតផង ។

លុះពេលបែកធ្លាយដឹងថានាងមានប្ដីមានកូន ជាហេតុធ្វើឱ្យខ្លួនមានកំហឹងនិងគំនុំ ព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួនក៏ចាក់សម្លាប់តែម្ដង។ ប៉ុន្តែក្រោយពេលនគរបាលជជីកសួរជាបន្តបន្ទាប់ទៀត ចុងក្រោយនេះជនដៃដល់បានសារភាពកាន់តែស៊ីជម្រៅថែមទៀត ដោយបានប្រាប់នគរបាលថា តាមពិតខ្លួននិងនារីរងគ្រោះ ជាសង្សារនឹងគ្នានិងបានស្រឡាញ់គ្នារយៈពេល៦ឆ្នាំមកហើយ មិនមែន២ឆ្នាំទេ ។ មិនតែប៉ុណ្ណោះបានផ្ញើរលុយឱ្យនាងជាបន្តបន្ទាប់សរុបទឹកប្រាក់ចំនួន៨ម៉ឺនដុល្លារ ដើម្បីឱ្យនាងបើកម៉ាតរកស៊ីនិងរស់នៅជាមួយគ្នានៅខ្មែរ ប៉ុន្តែក្រោយមកពេលសួររកលុយដែលផ្ញើឱ្យនាងទុក និងម៉ាតឱ្យនាងបើករកស៊ីនោះស្រាប់តែនាងឆ្លើយថាអត់ ហើយដឹងថានាងមានប្ដីនិងមានកូនថែមទៀតនោះ ទើបសម្លាប់ចោល។ ចម្លើយសារភាពនេះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុសួរចម្លើយជាលាយលក្ខណ៍អក្សរ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់លើជនសង្ស័យផងដែរ។ សូមជម្រាបជូនដល់ប្រិយមិត្តអ្នកអាន និងទស្សនាផងដែរថា ការចុះផ្សាយនូវរឿងរ៉ាវនេះ សារព័ត៌មានកោះសន្តិភពមិនមានបំណងទម្លាក់កំហុសណាមួយទៅលើជនរងគ្រោះដែលបានស្លាប់ទៅហើយ ដែលមិនអាចបកស្រាយរឿងរ៉ាវបាននោះទេ ។ យើងក៏ពុំបានជឿជាក់លើការបកស្រាយតែម្ខាងរបស់ឃាតកទាំងស្រុងនោះដែរ ប៉ុន្តែទាំងនេះគ្រាន់តែចង់បង្ហាញពីអ្វីដែលជនដៃដល់អះអាង អំពីដើមចមដែលនាំឱ្យកើតរឿងតែប៉ុណ្ណោះ ។ ដូច្នេះសូមប្រិយមិត្តទាំងអស់មេត្តាជ្រាប ហើយអាននិងទស្សនាប្រកបដោយគតិយុត្តិធម៌ និងវិនិច្ឆ័យត្រឹមត្រូវ ព្រមទាំងខំមិនក្នុងភាពថ្លៃថ្នូរផងចុះ។

ព្រោះអ្នកដែលជាតួអង្គក្នុងរឿងនេះនិងដឹងរឿងច្បាស់បំផុតនោះគឺមានតែ២នាក់ប៉ុណ្ណោះ ទី១គឺជនរងគ្រោះ ប៉ុន្តែនាងស្លាប់បាត់ទៅហើយ និងទី២គឺឃាតកម្នាក់នេះឯង។ ទោះជាយ៉ាងណា ជននេះពិតជាសាហាវព្រៃផ្សៃខ្លាំងបំផុតដែលហ៊ានលើកដៃចាក់សម្លាប់មនុស្សទាំងថ្ងៃដោយមិនញញើតដៃ សូម្បីតែប្រជាពលរដ្ឋនាំគ្នាយកដំបងនិងដុំគប់ឱ្យបញ្ឈប់សកម្មភាពយ៉ាងណាក៏មិនព្រមឈប់ឡើយ ដូច្នេះសូមច្បាប់ផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីឱ្យព្រលឹងវិញ្ញាណក្ខ័ន្ធស្ត្រីរងគ្រោះទទួលបានយុត្តិធម៌ផង។ ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់ជនដៃដល់ដែលជាឃាតកឈ្មោះលឹម គីណែត អាយុ២៥ឆ្នាំ មុខរបរលក់ស្បែកជើងបានបំភ្លឺប្រាប់ដល់នគរបាលដូច្នេះថា៖ ខ្ញុំនិងជនរងគ្រោះឈ្មោះមាស លក្ខិណា ភេទស្រី អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកជីក ឃុំទន្លេបិទស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ជាមួយគ្នា។ ហើយពួកយើងទាំង២នាក់បានស្រឡាញ់គ្នារយៈពេល៦ឆ្នាំកន្លងមកហើយ ពួកខ្លួនបានជួលផ្ទះនៅជិតកន្លែងកើតហេតុ និងស្នាក់នៅជាមួយគ្នា មួយរយៈ រួចខ្លួនក៏បានទៅធ្វើការ និងរកស៊ីជាអ្នកលក់ស្បែកជើងនៅផ្សារប្រទូណាម ក្នុងប្រទេសថៃ ហើយពួកយើងទាំង២នាក់មានគោលបំណងបើករកស៊ីផ្សារម៉ាតនៅខ្មែរ ហើយខ្ញុំរកលុយបានតែងតែផ្ញើមកឱ្យជនរងគ្រោះរហូត សរុបទឹកចំនួន៨០.០០០ដុល្លារ(ប្រាំបីម៉ឺនដុល្លារ)អាម៉េរិក ។

ក្រោយមកទៀត ពេលបុណ្យចូលឆ្នាំខ្មែរ ខ្លួនត្រឡប់មកពីប្រទេសថៃវិញ ក៏បានមកជួបជនរងគ្រោះដើម្បីសួររកលុយ ដើម្បីបើកម៉ាត ពេលនោះជនរងគ្រោះប្រាប់ថាគ្មានលុយទេ ហើយខ្ញុំខឹងក៏ត្រឡប់ទៅផ្ទះឯស្រុកកំណើតវិញ។ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ខ្ញុំបានមកពីស្រុកកំណើតវិញដេកនៅក្នុងផ្ទះសំណាក់មួយកន្លែងក្បែរស្ពានអាកាសផ្លូវក្រវាត់ក្រុង បន្ទាប់មកបានហៅរថយន្តម៉ាកព្រូសពណ៌ក្រហមមិនចាំស្លាកលេខ ជារថយន្តឈ្នួលជិះមកផ្ទះរបស់ជនរងគ្រោះ នៅបុរីពិភពថ្មីឈូកវ៉ា២ ផ្ទះលេខ៣១ ផ្លូវលេខ៣៦ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រួចបានឱ្យរថយន្តដឹកទៅទិញកាំបិតនៅផ្សារឈូកវ៉ា២ ក្នុងតម្លៃ១២,០០០រៀល ហើយជិះមកផ្ទះជនរងគ្រោះម្ដងទៀត រួចក៏បានចុះពីលើរថយន្ត ដោយមិនទាន់ឱ្យលុយរថយន្តឈ្នួលចំនួន២៥,០០០រៀលទេ ។

ខ្លួនក៏ផ្លោះរបងចូលផ្ទះជនរងគ្រោះរួចសួររឿងលុយជនរងគ្រោះម្ដងទៀត ហើយជនរងគ្រោះឆ្លើយថាគ្មានលុយបើកម៉ាត ខ្លួនខឹងក៏យកកាំបិតចុងស្រួចចាក់សម្លប់ជនរងគ្រោះ ហើយក៏អារ.កសម្លា.ប់ខ្លួនតែមិនស្លាប់ ក៏ត្រូវសមត្ថកិច្ចនគរបាលចុះទៅទាន់ឃាត់ខ្លួនបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ក្រៅពីនេះ ជនសង្ស័យបានបដិសេធថា ខ្លួនមិនធ្លាប់ជាប់គុក និងប្រើប្រាស់គ្រឿងញៀនឡើយ ហើយក៏នៅតែនិយាយថាឥតដឹងថាស្ត្រីរងគ្រោះមានប្ដីនិងមានកូនដដែល៕

ដកស្រង់ពី៖កោះសន្តិភាព