បណ្តាញសង្គម

តុលាការ​សម្រេច​ឃុំខ្លួន​ក្រុម​ក្លែងបន្លំ​ជា​សង្ឃ ចំនួន​១៤​នាក់ ដាក់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុមជនក្លែងជា ចំនួន១៤នាក់ ដែលដើរបិណ្ឌបាត និងបន្លំចូលរួមក្នុងពិធីបុណ្យផ្សេងៗ នៅតាមបណ្ដាខេត្ដ-រាជធានី ត្រូវចៅក្រម សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនហើយនៅថៃ្ងទី២២ ខែមេសា ឆ្នាំ២០២៤នេះ ក្រោយពីសមត្ថកិច្ចចាប់បកស្បង់ចីវរចេញភ្លាមៗ និងឃាត់ខ្លួន ។

ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

យោងតាមព័ត៌មានបានអោយដឹងថា ចៅក្រម នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ក្រុមក្លែងបន្លំជាសង្ឃ ចំនួន ១៤នាក់ ដាក់នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ និងបន្ដស្វែងរកចាប់ខ្លួនមេខ្លោង ជនសមគំនិត ដែលបានរត់គេចខ្លួន ចេញពីវត្ដត្រពាំងព្នៅ ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បន្ដទៀត ។ តាមការបញ្ជាក់ក្រុមនេះមានអ្នករៀបចំ និងដឹកជញ្ជូនទៅគ្រប់កន្លែង និងឆ្លងដែនទៅក្រៅប្រទេសទៀតផង ដើម្បីធ្វើសកម្មភាពបន្លំធ្វើជាសង្ឃដើរបិណ្ឌបាត និងរៃយកបច្ច័យតាមទីសាធារណៈ នាពេលកន្លងមក ។ លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានឱ្យដឹង ក្រុមជនក្លែងបន្លំធ្វើជាសង្ឃដើរបោកប្រាស់ប្រជាពុទ្ធបរិស័ទនេះ មានឈ្មោះ ៖ ១-ឈ្មោះ ញឹម គឹម អាយុ៣៧ឆ្នាំ រស់នៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។ ២-ឈ្មោះ សន ឌីណា អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងរាំ ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។

៣-ឈ្មោះ ញឹង សុជាតិ អាយុ១៥ឆ្នាំ រស់នៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ខេត្តកំពត ។ ៤-ឈ្មោះ ឆេង ភ័ណ្ឌ អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងម្នាស់ ស្រុកដងទង់ ខេត្តកំពត ។ ៥-ឈ្មោះ ភឹម ពិសិដ្ឋ អាយុ១៩ឆ្នាំ រស់នៅស្រុកឈូក ខេត្តកំពត ។ ៦-ឈ្មោះ ឃុំ រ៉ូត អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន) ។ ៧-ឈ្មោះ ហន ម៉េងលី អាយុ១៥ឆ្នាំ រស់នៅភូមិដុកឃ្លខ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន) ។ ៨-ឈ្មោះ ឆាន់ រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន) ។ ៩-ឈ្មោះ យាយ សុភារុណ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (មានសាធាតុញៀន) ។ ១០-ឈ្មោះ ច្រាន់ ប៉ាវ អាយុ២៩ឆ្នាំ រស់នៅភូមិទទុង ឃុំដងទង់ ខេត្តកំពត (មានសាធាតុញៀន) ។ ១១-ឈ្មោះ ញឹន ព្រឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទុង ខេត្តកំពត (មានសាធាតុញៀន) ។ ១២-ឈ្មោះ ញុន សុខគា អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំនៀល ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន) ។ ១៣-ឈ្មោះ ញ៉ ជឿន អាយុ១៧ឆ្នាំ រស់នៅភូមិបុះញីញ ឃុំកូនសត្វ ស្រុកទឹកឈូរ ខេត្តកំពត (មានសាធាតុញៀន) ។ និងទី១៤-ឈ្មោះ អ៊ិន ធី អាយុ៣២ឆ្នាំ រស់នៅភូមិតាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (មានសាធាតុញៀន) ។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរស្រុកថ្ពង បានបន្តទៀតថា ក្រុមជនក្លែងបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាតយ៉ាងអនាធិបតេយ្យនេះ បានជិះរថយន្ត១គ្រឿង ម៉ាកស្ដារិច មិនស្គាល់ស្លាកលេខ (រត់គេចខ្លួន) និងផាសស្អាប់១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1KE-2876 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន បានដឹកព្រះសង្ឃក្លែងក្លាយមកចំណុចកើតហេតុខាងលើ ។ លោកអធិការនគរបាលស្រុកថ្ពង បានបន្ថែមទៀត នៅមុនពេលឃាត់ខ្លួនក្រុមក្លែងបន្លំបាន គឺទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអមលាំង បានរាយការណ៍មកជំនាញ លោកក៏បានដឹកនាំកម្លាំង និងសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអមលាំងនិងប្រជាការពារបង្ក្រាបបានក្រុមក្លែងបន្លំឈ្មោះខាងលើ និងដកវត្ថុតាងដូចខាងក្រោមមាន ៖ ១-ស្បង់ចីវរ ១៤សម្រាប់, ២-បាតចំនួន០៣, ៣-ថង់យាមចំនួន១៤, ៤-ទូរស័ព្ទចំនួន១០គ្រឿង, ៥-ធៀបបុណ្យចំនួន១២សន្លឹក៦-កាតសម្គាល់ខ្លួនចំនួន០៥, ៧-ផាសស្អាប់១គ្រឿង និងសម្ភារៈមួយចំនួន។ នាំខ្លួនព្រះសង្ឃក្លែងក្លាយទាំងអស់ មកវត្តគិរីមុន្នីកោសី(ហៅវត្តត្រពាំងត្រោក)ដើម្បីបកស្បង់ចីវរ រួចប្រគល់មកឱ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី។ ក្នុងនោះរកឃើញមនុស្សចំនួន៩នាក់មានសារធាតុញៀន ។

បច្ចុប្បន្ន ក្រុមជនសង្ស័យ (សង្ឃក្លែងក្លាយ) ទាំង១៤នាក់ រួមជាមួយវត្ថុតាង ត្រូវបាននគរបាលជំនាញបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។ ហើយនៅថៃ្ងទី២២ ខែមេសា ឆ្នាំ២០២៤នេះ ចៅក្រម នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ក្រុមក្លែងបន្លំជាសង្ឃ ចំនួន ១៤នាក់ ដាក់នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ៕

ដកស្រង់ពី៖កោះសន្តិភាព