បណ្តាញសង្គម

ឃាត់ចាប់​ជើង​ជ្រូក និង​អណ្ដាត​ជ្រូក​បង្កក ​ខូចគុណភាព ជិត​៣​តោន ដឹក​ពី​ខេត្ត​ព្រះ​សីហ​នុ មក​ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៥និង៣០នាទី នាថ្ងៃទី២២ មេសា ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះប្រតិបត្តិការស្ទាក់ចាប់ ដោយធ្វើការត្រួតពិនិត្យជាក់ស្ដែង លើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅចំណុចលើផ្លូវវេងស្រេង ជិតស្តុបទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ឃាត់រថយន្តមួយគ្រឿង ម៉ាក HYUNDAI PORTER ពណ៌ខៀវ លាយស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១.៥តោន ពាក់ស្លាកលេខកំពង់ស្ពឺ 2A-4135 ។

បើតាមលោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអោយដឹងថា ក្រោយឃាត់រថយន្តត្រួតពិនិត្យ ក្រុមការងារបានរកឃើញ ក្នុងរថយន្តមានដឹកផលិតផលសាច់បង្កក រួមមាន ៖ -ជើងជ្រូក ចំនួន ១កេសក្រដាស ស្មើនឹង ១៨គីឡូក្រាម (គ្មានប្រភពច្បាស់លាស់) ។

-អណ្ដាតជ្រូក ចំនួន ១៤៩កេសក្រដាស ស្មើនឹង ២,៦៨២គីឡូក្រាម (គ្មានប្រភពច្បាស់លាស់) ។ សរុបទាំងអស់ ចំនួន ១៥០កេសក្រដាស ស្មើនឹង ២,៧០០គីឡូក្រាម ។ ក្រោយពិនិត្យជាក់ស្ដែង និងមានការឆ្លើយសារភាព ពីអ្នកបើករថយន្ត ជាមួយតំណាងម្ចាស់ផលិតផលសាច់បង្កកទាំងអស់នេះ ថា គាត់បានដឹកសាច់បង្កកទាំងនេះ មកពីខេត្តព្រះសីហនុ រួចឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញនោះទេ ចំពោះសាច់បង្កក ឬផលិតផលសត្វទាំងអស់នេះ ធុំក្លិន មានសភាពប្រែពណ៌លឿង ខ្មៅ និងខូចគុណភាព ។

អ្នកបើករថយន្ត ជាមួយតំណាងម្ចាស់សាច់បង្កក បានយល់ព្រមជាមួយក្រុមការងារ ធ្វើការដឹកជញ្ជូនផលិតផលសត្វបង្កកខាងលើនេះ ទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍នីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព