បណ្តាញសង្គម

គយ​ចល័ត​តំបន់​៦ ចុះ​ចាប់​ទូរ​សព្ទ​គេចពន្ធជាង១,៣០០​ដើម នៅ​ផ្សារ​មេមត់

ខេត្តត្បូងឃ្មុំ ៖ កម្លាំងចម្រុះគយចល័តតំបន់៦ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានចុះឆែកឆេរទីតាំងលក់គ្រឿងអេឡិចត្រូនិក នៅផ្សារមេមត់ បានរកឃើញទំនិញអត់ពន្ធជាច្រើន និងច្រើនតោន ។

មន្ត្រីគយចល័តតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ បានដឹកនាំកម្លាំង សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅឆែកឆេរទីតាំងលក់ទូរសព្ទទំនើប ទីតាំងលក់ប្រេងម៉ាស៊ីន និងទីតាំងលក់គ្រឿងអគ្គសនី សរុបចំនួន០៥ទីតាំង ស្ថិតនៅក្នុងភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរកឃើញទំនិញដាក់តាំងលក់ ដែលអត់ពន្ធជាច្រើនគ្រឿង និងជាច្រើនតោន ។

ក្នុងប្រតិបត្តិការនេះ កម្លាំងគយបានធ្វើការដកហូតទំនិញគេចពន្ធ រួមមាន ៖ -ទូរសព្ទដៃ ចំនួន ១,៣០០គ្រឿង -ប្រេងម៉ាស៊ីនចម្រុះម៉ាក ចំនួន ១៨៨កេះ (ស្មើនឹង៣,៦៥២គីឡូក្រាម) -គ្រឿងអគ្គសនីចម្រុះ ទម្ងន់ ៤,៤០០គីឡូក្រាម ។ ដោយគ្មានឯកសារពន្ធនាំចូល និងបិទត្រាពន្ធគយឡើយ ។

សូមជម្រាបដែរថា វត្ថុតាងបទល្មើសទាំងអស់ រួមមានទូរសព្ទដៃទំនើប និងប្រេងម៉ាស៊ីន ត្រូវបាននាំយកមករក្សាទុកបណ្ដោះអាសន្ន នៅទីតាំងឈរជើងរបស់ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធីបន្ត ។

ដោយឡែក បើយោងតាមប្រភពពីប្រជាជនខេត្តព្រះសីហនុ បានអោយដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ហាងទូរសព្ទដៃភាគច្រើន នៅក្នុងក្រុងព្រះសីហនុ បានបិទទ្វារជាបន្ដបន្ទាប់ ក្រោយបានឃើញមានករណីកម្លាំងមន្ដ្រីគយ ចុះត្រួតពិនិត្យ និងដកហូតរក្សាទុកទំនិញអត់ពន្ធ ដើម្បីឲ្យបង់ពន្ធត្រឹមត្រូវ នៅខេត្តត្បូងឃ្មុំ កាលពីម្សិលមិញនេះ ។

ម្ចាស់ហាងទូរសព្ទមួយចំនួន ក្នុងខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការបិទហាងនេះ គឺដោយសារបានឃើញព័ត៌មាននៅខេត្តត្បូងឃ្មុំ ដែលមន្ដ្រីគយចុះដកហូតទំនិញអស់ពីហាង និងដោយមានការព្រួយបារម្ភ ទើបពួកគាត់សម្រេចចិត្តបិទហាង តែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព