បណ្តាញសង្គម

នគរបាល​ខេត្តស្វាយរៀង ឃាត់​សិស្ស​គេច​សាលា ១៣​នាក់ យក​មក​អប់រំ​ណែនាំ

ខេត្តស្វាយរៀង ៖ ក្រុមសិស្សគេចសាលា ចំនួន១៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់រោទិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឃាត់យកមកអប់រំណែនាំធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានា ទើបអនុញ្ញាតឱ្យយកទៅអប់រំបន្ត នៅផ្ទះវិញ ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលញរ បានចុះល្បាតចល័ត ត្រួតពិនិត្យតាមទីតាំង ក្នុងមូលដ្ឋានដែលមានសិស្សគេចសាលា ក្បែរវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ដែលនៅខាងក្រៅសាលាគេចមិនព្រមចូលសាលារៀន ចំនួន១៣នាក់ ។

សមត្ថកិច្ច បានឲ្យដឹងបន្តថា ជាលទ្ធផល កម្លាំងសមត្ថកិច្ច បាននាំសិស្សសាលាទាំង១៣នាក់ មកអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ដើម្បីធ្វើការអប់រំណែនាំ និងបានអញ្ជើញឪពុកម្ដាយ ឬអាណាព្យាបាល ឲ្យមកធានាយកទៅធ្វើការអប់រំបន្ត មិនឲ្យគិចសាលាសារជាថ្មី បង្កធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុក កំពង់រោទិ៍ ក៏បានអំពាវនាវដល់អាណាព្យាបាលសិស្សទាំងអស់ ត្រូវចេះតាមដានកូនចៅ និងណែនាំកូនចៅរបស់ខ្លួនឲ្យខិតខំរៀនសូត្រ ក្លាយជាកូនល្អ សិស្សល្អ ដើម្បីជាធនធានមនុស្សសម្រាប់ប្រទេសជាតិមានការរីកចម្រើន និងអភិវឌ្ឍន៍។

ហើយក៏សូមឱ្យក្មួយតាំងចិត្តខំរៀនសូត្រ និងត្រូវចេះគោរពច្បាប់ចរាចរណ៍ពេលជិះម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ហើយត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លិចបំផ្លាញ អនាគត ក្រុមគ្រួសារ សង្គមជាតិ និងមានទោសទៀតផង ៕

ដកស្រងពី៖កោះសន្តិភាព