បណ្តាញសង្គម

អ្នកនាំពាក្យ ​៖ ១​ស​ប្តា​ហ៍​ តុលាការ​ចាត់សំណុំរឿង​គ្រឿងញៀ.ន ​​ចំនួន១០៨ករណី ​ក្នុង​នោះ​ជនសង្ស័យ​២០៩នាក់ ត្រូវ​​ឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្តាហ៍មកនេះ តុលាការបានចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន សរុបចំនួន ១០៨ករណី ដែលក្នុងនោះមានជនសង្ស័យចំនួន ២៦៤នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ២០៩នាក់ ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន សរុបចំនួន១០៨ករណី ដែលក្នុងនោះមានជនសង្ស័យចំនួន ២៦៤នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ២០៩នាក់ ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។

បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច ៕

ដកស្រង់ពី៖កោះសន្តិភាព