បណ្តាញសង្គម

ឃាត់ខ្លួន​ស្ទាវ​២​នាក់ ក្នុង​ចំណោម​គ្នា​៥​នាក់ ក្រោយ​គប់​ដុំ​ថ្ម និង​បា.ញ់​ចំពាមកៅស៊ូ​ចូល​ភោជនីយដ្ឋាន​មួយ​កន្លែង រំសាយ​គំនុំ​ចាស់

រាជធានីភ្នំពេញ ៖ ជនស្ទាវ២នាក់ ក្នុងចំណោមគ្នា៥នាក់ ធ្លាប់មានទំនាស់គ្នាជាមួយបុគ្គលិកភោជនីយដ្ឋានមួយកន្លែង កាលពីពេលកន្លងមក ក៏បាននាំគ្នាជិះម៉ូតូ ដោយមានកាំបិត ដុំថ្ម និងចំពាមកៅស៊ូ ទៅរករឿងស្រែកឡូឡាជេរម្ដាយ (ជេរម្រ៉ាយ) នៅមុខភោជនីយដ្ឋានរយៈពេល២ថ្ងៃ ជាប់ៗគ្នា។

មិនតែប៉ុណ្ណោះ ខណៈអត់មានអ្នកតបត ស្រាប់តែជនសង្ស័យខាងលើ បានគប់ដុំថ្ម និងបាញ់ចំពាមកៅស៊ូ ចូលក្នុងភោជនីយដ្ឋាន ដើម្បីរំសាយគំនុំចាស់ បណ្ដាលឲ្យត្រូវចំកំភួនជើងស្ដាំម្ចាស់ហាង រងរបួសហើមជាំ ថែមទៀតផង។

បន្ទាប់មក ក៏ត្រូវជនរងគ្រោះខាងលើបានប្តឹង និងសហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ស្ពានថ្ម ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន២នាក់ រីឯ៣នាក់ទៀត រត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចភោជនីយដ្ឋាន «រាជនីសម្រស់ព្រែកជ្រៃ» ស្ថិតនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សង្ស័យដែលត្រូវឃាត់ខ្លួននោះ រួមមាន ៖ ១. ឈ្មោះ នឿន ណាក់ អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ២. ឈ្មោះ កាន សា អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ។ អ្នកទាំង២នេះ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិកើតហេតុខាងលើ ។ រីឯបក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួន ។ ដោយឡែកបុរសរងគ្រោះឈ្មោះ មឿន សាខន អាយុ៣៦ឆ្នាំ ម្ចាស់ភោជនីយដ្ឋានរាជនីសម្រស់ព្រែកជ្រៃ និងស្នាក់នៅក្នុងភោជនីយដ្ឋាននោះ ។ នគរបាលបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈបុរសរងគ្រោះ និងបុគ្គលិក កំពុងតែធ្វើម្ហូបឱ្យភ្ញៀវនៅក្នុងភោជនីយដ្ឋានរបស់ខ្លួន ស្រាប់តែជនសង្ស័យទាំង៥នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ចំនួន០២គ្រឿង ។ ដោយ១គ្រឿង ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខភ្នំពេញ 1KR-2355 និង១គ្រឿងទៀត មិនចាំស៊េរីឆ្នាំ និងស្លាកលេខ ទៅស្រែកឡូឡាអុកឡុក ជេរបញ្ចោនៅខាងមុខភោជនីយដ្ឋាន ។

បន្ទាប់មកបានប្រើចំពាមកៅស៊ូបាញ់ និងគប់ដុំថ្ម ចូលទៅក្នុងភោជនីយដ្ឋានចំនួន០២ដុំថ្ម បណ្តាលឱ្យខ្ទាតបំណែកដុំថ្ម ត្រូវចំកំភួនជើងខាងស្តាំជនរងគ្រោះ រងរបួសហើមជាំ រួចក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ នគរបាលបានប្រាប់ឱ្យដឹងបន្តទៀតថា លុះដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ខាងលើ ទៅឈប់នៅមុខភោជនីយដ្ឋានម្ដងទៀត ។ បានស្រែកឡូឡាអុកឡុកជេរម្រ៉ាយ និងស្រែកថា «បើអ្ហែងខ្លាំង អ្ហែងចេញមក» ដែលជាហេតុធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលកំពុងហូបអាហារនៅក្នុងភោជនីយដ្ឋាន រួចក្រុមជនសង្ស័យ ក៏បានជិះម៉ូតូចាកចេញទៅបាត់ ។

រហូតដល់វេលាម៉ោង១១និង២០នាទីយប់ ថ្ងៃខែឆ្នាំដដែល ក្រុមជនសង្ស័យដដែលនេះមានគ្នាចំនួន០៥នាក់ បានជិះម៉ូតូ០២គ្រឿងខាងលើ ប្រដាប់ដោយកាំបិតផ្គាក់ ទៅឈប់នៅខាងមុខភោជនីយដ្ឋាននោះទៀត ។ រួចបោយដៃ ហៅឱ្យជនរងគ្រោះ និងបុគ្គលិកចេញពីហាង តែខណៈនោះ ពុំមាននរណាហ៊ានចេញទៅឡើយ បន្ទាប់មកក្រុមជនសង្ស័យ ក៏បានជិះម៉ូតូចាកចេញទៅបាត់អស់ ។ នគរបាលរូបនោះ បានបញ្ជាក់ប្រាប់ថា លុះ១០នាទីក្រោយមក ក្រុមជនសង្ស័យខាងលើ បានត្រលប់ទៅធ្វើសកម្មភាពម្តងទៀត ដោយប្រើចំពាមបាញ់ ទៅលើជនរងគ្រោះ និងបុគ្គលិក ប៉ុន្តែបាញ់អត់ត្រូវ គឺត្រូវចំដែកគ្រោងទ្វារបណ្តាលឱ្យទ្រុត រួចក៏បានជិះម៉ូតូរត់គេចខ្លួនទៅវិញបាត់ ។ រហូតដល់វេលាម៉ោង១១និង៥០នាទីយប់ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ១គ្រឿង ទៅកន្លែងលក់បាយ ដែលស្ថិតនៅចម្ងាយប្រមាណ១០០ម៉ែត្រ ពីភោជនីយដ្ឋានរបស់ខ្លួន ។ ក៏បានប្រទះឃើញយុវជនម្នាក់ឈ្មោះ ឆន មករា អាយុ១៩ឆ្នាំ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០២៤ ពាក់ស្លាកលេខភ្នំពេញ 1KR-2355 ទៅទិញបាយឆា នៅកន្លែងលក់បាយនៅទីនោះដែរ ។ នគរបាលបានប្រាប់បន្ថែមថា ខណៈនោះដោយសារតែស្គាល់ម៉ូតូ ម៉ាកខាងលើ ថាជាម៉ូតូដែលបានជិះទៅធ្វើសកម្មភាពអុកឡុកភោជនីយដ្ឋានរបស់ខ្លួន ជនរងគ្រោះ ក៏បានឃាត់ឈ្មោះ ឆន មករា យកទៅប្រគល់ឱ្យនគរបាលប៉ុស្តិ៍ស្ពានថ្ម ធ្វើការសួនាំ ។ ទើបដឹងថា ឈ្មោះ ឆន មករា គ្រាន់តែខ្ចីម៉ូតូម៉ូនេះពីជនសង្ស័យម្នាក់ឈ្មោះ ណាង ភេទប្រុស អាយុ២៣ឆ្នាំ ដើម្បីមកទិញបាយឆាហូបប៉ុណ្ណោះ ។ ហើយនគរបាលក៏បាននាំឈ្មោះ ឆន មករា ទៅចង្អុលបង្ហាញបន្ទប់ជួលរបស់ឈ្មោះ ណាង ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។ លុះពេលទៅដល់អត់ឃើញឈ្មោះណាងនោះទេ ប៉ុន្តែបានប្រទះឃើញជនសង្ស័យឈ្មោះ នឿន ណាក់ និងឈ្មោះ កាន សា កំពុងនៅទីនោះក៏បានឃាត់ខ្លួននាំយកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍ស្ពានថ្មតែម្ដង ។ ប្រភពខាងលើបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះ បានសារភាពប្រាប់នគរបាលប៉ុស្តិ៍ស្ពានថ្មដោយខ្លីថា «ពួកខ្លួនពិតជាបានជិះម៉ូតូម៉ាកខាងលើ ទៅធ្វើសកម្មភាពគប់ដុំថ្ម និងប្រើចំពាមកៅស៊ូបាញ់ចូលទៅក្នុងភោជនីយដ្ឋាននោះពិតប្រាកដមែន មូលហេតុដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយបុគ្គលិក ក្នុងភោជនីយដ្ឋានខាងលើនោះ» ។

ក្រោយមកជនរងគ្រោះបានដាក់ពាក្យប្ដឹង ហើយនគរបាលបានកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ព្រមទាំងបន្តធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួន ជនសង្ស័យដែលកំពុងរត់គេចខ្លួន៣នាក់ទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព