បណ្តាញសង្គម

ស្រាវជ្រាវ​ឃាត់​បាន​​ជនសង្ស័យ​ប្រុស-​ស្រី​​លួច​កាបូប​ជនជាតិ​ចិន​នៅ​ផ្សារ​អ៊ី​អន​២

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុស-ស្រី២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនកាលពី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបជនជាតិចិននៅផ្សារអ៊ីអន២ ក្នុងសង្កាត់ភ្នំពេញថ្មី ហើយគេចខ្លួនបានតែ២ថ្ងៃ ។

ជនសង្ស័យរូបនោះ ១-ឈ្មោះគង់ ចាន់ស្រីណេត ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ នៅផ្ទះមានទីលំនៅ បន្ទប់ជួលផ្លូវលេខ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាជនដៃដល់) , ២-ឈ្មោះ ឆេង រតនា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកដឹកជញ្ជូនក្រុមហ៊ុនផេនដា មានទីលំនៅបន្ទប់ជួលផ្លូវលេខ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកផ្សំគំនិត) ។

តាមនគរបាលអោយដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រមាណ៨យប់នៅក្នុងផ្សារទំនើបអ៊ីអន២តាម ផ្លូវ១០០៣ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីលួចកាបូបស្ពាយរបស់ជនជាតិចិនឈ្មោះឆោ អ៊ីថឹង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្សារធីខេជីបម៉ុង១៩២៨ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ខណៈពេលដែលជនរងគ្រោះបានទុកកាបូបនៅលើរទេះរុញ ។ បន្ទាប់ពីបាត់កាបូប ជនរងគ្រោះក៍បានមកដាក់ពាក្យបណ្តឹង ដោយទទួលបានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក អ៊ីសុខហ៊ី កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខបានសហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវនឹងបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យប្រុស-ស្រី២នាក់នៅក្នុងបន្ទប់ជួលសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ព្រមទាំងដកហូតបានកាបូបប្រគល់អោយម្ចាស់វិញ ៕

ដកស្រង់ពី៖កោះសន្តិភាព