បណ្តាញសង្គម

កម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគិរី ប្រដេញចាប់មន្ត្រី អាវុធហត្ថលើផ្ទៃប្រទេស រឿងកាងឈើ

មណ្ឌលគីរី៖ នៅព្រឹកថ្ងៃទី៦ សីហាម្សិលមិញនេះ រថយន្តជាច្រើនគ្រឿង របស់សមត្ថកិច្ចជំនាញ និងរថយន្តកម្លាំង អាវុធហត្ថខេត្ត មណ្ឌលគិរី បានដាក់ពង្រាយគ្នា តាមផ្លូវជាតិលេខ៧៦ ចាប់ពីចំនុច មុខអភិរក្ស ជីវចម្រុះសីមា ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ដើម្បីស្ទាក់ចាប់ រថយន្តដឹក បទល្មើសព្រៃឈើ។

ហើយនៅវេលាម៉ោង ប្រមាណ១០៖៣០នាទីស្រាប់តែរថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់ បានបើកបរយ៉ាងលឿនចេញពីតំបន់ ព្រៃការពារ ដោយមានរថយន្ត លុចស៊ីចពណ៌ខ្មៅមួយគ្រឿងទៀត របស់ឈ្មោះសេង សុផុន ជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសបានបើកបិតគូថពីក្រោយ រថយន្ថដឹកឈើនោះ។ ក្រោយពីប្រទះឃើញរថយន្ត ខាងលើកំពុងធ្វើសកម្មភាពដឹកបទល្មើសជាក់ស្តែងបែបនេះ កម្លាំងសមត្ថកិច្ចចម្រុះដែលបានត្រៀមរួចជាស្រេច ក៏បានបើកប្រតិបត្តិការប្រដេញចាប់ភ្លាមៗតែម្តង ប៉ុន្តែការតាមបង្ក្រាបរថយន្ត ដឹកឈើរបស់ជំនាញ ត្រូវបានរារាំងដោយរថយន្តរបស់ ឈ្មោះ សេង សុផុន មន្ត្រីអាវុធហត្ថលើ ផ្ទៃប្រទេសម្នាក់ និងជាម្ចាស់រថយន្តកាមរីបាឡែនដឹកឈើ ទើបបណ្តាលឲ្យសមត្ថកិច្ចមិន អាចចាប់បង្ក្រាបរថយន្តដឹកឈើបាន ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើ ខុសច្បាប់មិនបានសម្រេច សមត្ថកិច្ចជំនាញ បានទំនាក់ទំនងសុំគោលការណ៏ថ្មី ពីព្រះរាជអាជ្ញាររងសាលាដំបូងខេត្ត ដោយបង្វែងពីការតាមចាប់រថយន្ត ដឹកឈើ ដែលរត់បាត់ ទៅតាមឃាត់រថយន្តដែលមន្ត្រី អាវុធហត្ថលើផ្ទៃប្រទេសវិញ ព្រោះបានរារាំងដល់កិច្ច ការសមត្ថកិច្ច ។ ទម្រាំតែអាចឃាត់ខ្លួនមន្ត្រីអាវុធហត្ថលើ ផ្ទៃប្រទេសនោះបាន ក្រុមកម្លាំងចម្រុះបានបើករថយន្ត ប្រដេញតាំងពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្លងទៅទឹកដីស្រុកស្នូល ខេត្តក្រចេះ ទើបអាចឃាត់ខ្លួនបាន នៅចំនុចចម្ការកៅស៊ូ ក្នុងភូមិសាស្ត្រឃុំឃ្សឹម ។

ប្រភពបានឲ្យដឹងថា មន្ត្រីអាវុធហត្ថដែលត្រូវ ឃាត់ខ្លួននោះមាន ឈ្មោះ សេង សុផុន ដែលជាឈ្មួញរកស៊ីឈើក្នុងស្រុកកែវសីមា រាប់ឆ្នាំមកហើយ ទោះជាមន្ត្រីជំនាញ បានព្យាយាមហាមឃាត់មិនឲ្យ ឈ្មោះនេះរកស៊ីឈើជាច្រើនដង ប៉ុន្តែគាត់មិនដែលស្តាប់ តាមនោះទេ គឺឲ្យតែមានឱកាសល្អ គាត់តែងលួចដឹកឈើចេញពីព្រៃអភិរក្សរហូត ។ លោក ស្រ៊ុន ឈួន នាយសង្កាត់រដ្ឋបាល ព្រៃឈើស្រែព្រះចុងផ្លាស់ បានឲ្យដឹងថា មន្ត្រីអាវុធហត្ថដែលត្រូវឃាត់ខ្លួនខាងលើ ជំនាញកំពុងធ្វើកំណត់ហេតុទៅខណ្ឌរដ្ឋបាល ព្រៃឈើខេត្ត រួមជាមួយរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស៤៥០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំ ពេញ 1AZ-3060 ដើម្បីកសាងសំនុំរឿងបញ្ជូន ទៅតុលាការ ព្រោះជននេះ បានធ្វើការរារាំងដល់កិច្ចការ របស់សមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើ ក្នុងពេលកំពុងបំពេញភារកិច្ច ៕

ដកស្រង់ពី៖ ដើមអម្ពិល