បណ្តាញសង្គម

​សមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច ទ្រព្យសម្បត្តិ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ សហការជាមួយ ប្រជាការពារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួចទ្រព្យសម្បត្តិ មិនបានសម្រេច កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ រំលងអាធ្រាត ស្ថិតនៅចំណុចបន្ទប់ផ្ទះជួល ផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ។

ជនសង្ស័យឈ្មោះ សៅ សុជាតិ ហៅម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវបេតុង ក្រុម៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ហើយក៏ជាមុខសញ្ញា ដែលធ្លាប់ជាប់ពន្ធនាគារ ចំនួន ២ដង។ ចំណែកឯ ជនរងគ្រោះឈ្មោះ សៃ ឈុនលៀង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ បានធ្វើការជិះល្បាត នៅក្នុងមូលដ្ឋាន ស្រាប់តែមានប្រជាពលរដ្ឋ បានប្តឹងមកសមត្ថកិច្ចយើងថា មានចោរចូលលួចទ្រព្យសម្បត្តិ។

ក្រោយពីសមត្ថកិច្ច បានទទួលដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចយើង ក៏បានចុះមកដល់ចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាង ដែលជនសង្ស័យលួច យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធ្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល