បណ្តាញសង្គម

កម្លាំងកងរាជអាវុធហត្ថ​ចាប់ខ្លួន​យាយព្រឿង មេឈ្មួញ​រកស៊ីឈើ ប្រចាំភូមិភាគឦសាន្ត

(ស្ទឹងត្រែង)៖ យាយព្រឿង ជនជាតិវៀតណាម ដែលជាឈ្មួញ ឈើដ៏ធំប្រចាំភូមិ ភាគឦសាន្ត និងមាន ទីតាំងស្តុកឈើ ជាច្រើនកន្លែង នៅក្នុង ខេត្តស្ទឹងត្រែង ត្រូវបានកម្លាំង ក្រុមស្រាវជ្រាវ ព័ត៌មាន និងបង្ក្រាបបទល្មើស ព្រៃឈើ របស់កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឃាត់ខ្លួនបានហើយ នៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណសង្កាត់ រដ្ឋបាលព្រៃឈើ អូរពងមាន់ ខេត្តស្ទឹងត្រែង ។

ប្រតិបត្តិការ តាមចាប់មេឈ្មួញឈើ ខាងលើនេះ បន្ទាប់ពីគាត់ បានយករថយន្ត ២គ្រឿង និងកម្មករ៧នាក់ មករំដោះឈើ ដែលសមត្ថកិច្ច បង្ក្រាបចាប់ ហើយនាំយក មករក្សាទុក នៅក្នុងសង្កាត់ រដ្ឋបាលព្រៃឈើ អូរពងមាន់នោះ ។

គួរបញ្ជាក់ថា កាលពី ម៉ោង១២ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កម្លាំងក្រុមការងារ ស្រាវជ្រាវ ព័ត៌មាន និងបង្ក្រាបព្រៃឈើ របស់កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានស្រាវជ្រាវ រកឃើញគំនរឈើដ៏ច្រើន ត្រូវបានគេយក ទៅលាក់ទុកនៅ ក្នុងដីចម្ការ ស្ថិតក្នុងភូមិ ឃុំ ស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ សមត្ថកិច្ច បានឲ្យដឹងថា ឈើទាំងនោះ ជាប្រភេទឈើ ប្រណីត ដែលមានចំនួន ដ៏ច្រើន ត្រូវបានក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ សហការជាមួយរដ្ឋបាលព្រៃឈើ ដឹកជញ្ជូនឈើទាំងនោះ យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់តាំងពីរសៀលថ្ងៃទី១២ ខែតុលា រហូតដល់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ទើបរួចរាល់ ដែលឈើទាំងនោះ មានចំនួន ៦ឡានសាំយ៉ុង និង៦ឡានបែន ។

បន្ទាប់ពី កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ លើផ្ទៃប្រទេស យកទៅរក្សាទុក នៅសង្កាត់រដ្ឋបាល ព្រៃឈើ អូរពងមាន់ ស្រាប់តែនៅ វេលាម៉ោង ៤ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក៏មានវត្តមាន យាយព្រឿង ថៅកែឈ្មួញឈើ ល្មើសច្បាប់ ជាមួយកម្មករ ៧នាក់ និងរថយន្ត ២គ្រឿង ១គ្រឿង ម៉ាកបាឡែន ពណ៌ស និងមួយគ្រឿង ទៀតម៉ាកសាំយ៉ុង ចូលមករំ ដោះឈើ និងឡោមព័ទ្ធ មកលើកងកម្លាំង ដែលកំពុងយាមឈើ នៅក្នុងទីតាំង នោះថែមទៀត ។

សមត្ថកិច្ច បានឃាត់ខ្លួន យាយ ព្រឿង ក្នុងបទល្មើស ជាក់ស្តែង មករំដោះឈើ នៅក្នុងបរិវេណ រដ្ឋបាលព្រៃឈើ សង្កាត់អូរពងមាន់ ដោយឡែក កម្មករ ៧នាក់ ត្រូវបានរត់គេចខ្លួន ពីកន្លែងកើតហេតុ ។ មួយរយៈកន្លងទៅនេះ ក្រុមការងារ ស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើស ព្រៃឈើ របស់កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបំពេញការងារ ដោយចុះស្រាវជ្រាវ ព័ត៌មាន និងបង្ក្រាប បទល្មើស ព្រៃឈើ ដូចជាករណី ឈើជាច្រើនកំណាត់ នៅក្នុងដីចម្ការ ស្ថិតនៅក្នុងភូមិ ឃុំ ស្រែក្រសាំង ស្រុកសៀមបូក គឺឈ្មួញយាយ ព្រឿង នេះតែម្តង បានយកទៅលាក់ ទុកស្ទើរតែគ្រប់ ទីកន្លែង ដែលធ្វើឲ្យសមត្ថកិច្ច ពិបាកក្នុងការរុករក ។

នៅពេលនេះឈ្មួញ រកសីុឈើជនជាតិវៀតណាម រូបនេះ ស្ថិតក្រោមការសួរនាំ ពីកម្លាំងអាវុធហត្ថដើម្បី ចាត់ការបន្ត តាមនីតិវិធី ៕






ដកស្រង់ពី៖ដើមអម្ពិល