បណ្តាញសង្គម

មិនដឹងមានវិបត្តិអ្វីទេ នាងបម្រើការងារ ក្នុងហាងខារ៉ាអូខេ ចងកធ្វើអត្តឃាត

សៀមរាប : នារីបម្រើការងារ នៅហាងខារ៉ាអូខេម្នាក់ បានសម្រេចចងកធ្វើអត្តឃាត ដោយ បន្សល់ទុកកូនសំបុត្រ ជូនសាច់ញាតិរបស់ ។

 ហេតុការណ៍នេះ បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង២៥នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

នគរបាលក្រុងសៀមរាប បានឲ្យដឹងថា សពនារីរងគ្រោះមានឈ្មោះ នន សសរ៉ុម អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ ព្រីមមា មានស្រុកកំណើតភូមិអូរសំបួរ ឃុំក្តីដូង ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅជួល បន្ទប់ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានចងកនឹងក្រមាព៌ណក្រហមលាយ ស ទៅនឹងចម្រឹងបង្អួច បន្ទប់ដេក របស់នាងមានកម្ពស់២ម៉ែត្រ ពីឥដ្ឋ ។

នគរបាលបានឲ្យដឹងទៀតថា នៅក្នុងបន្ទប់ដេករបស់ស្រ្តីរងគ្រោះ គេបានរកឃើញលិខិតមួយច្បាប់សរសេរ ដោយផ្ទាល់ដៃនារីរងគ្រោះ តែម្តង ដោយបានរៀបរាប់ប្រាប់ ក្រុមគ្រួសារ និងសង្សាររបស់នាង ដែលមិនអាចធ្វើជាប្អូនស្រីល្អរបស់គ្រួសារនេះ ដោយសារតែនាងម្នាក់ធ្វើឲ្យក្រុមគ្រួសារខ្មាសគេ សូមបំភ្លេចនាងចោលចុះ ។ ជីវិតដែលគ្មានភាពកក់ក្តៅ គ្មានអ្នកស្រលាញ់ ដឹងថាឯកា ខ្ញុំមិនចង់រស់ទេ បើមានជាតិក្រោយមែនសូមឲ្យក្លាយជាទឹក និងខ្យល់ កុំកើតជាមនុស្សអី ។ ការរៀបរាប់នេះ បានសបញ្ជាក់ឲ្យដឹងថា នាងមានវិបត្តិផ្លូវចិត្តក្នុង គ្រួសារ និងសង្សាររបស់នាងតែម្តងទើបនាងដាច់ចិត្តបញ្ចប់ជីវិតទាំងវ័យក្មេងខ្ចីបែបនេះ... ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានទៅដល់ ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរង គ្រោះពិតជាស្លាប់ដោយការ ធ្វើអត្តឃាតចងក សម្លាប់ខ្លួនប្រាកដមែន គឺគ្មានស្នាកស្នាម អ្វីដែលពាក់ពន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។ ហើយ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ដើមអម្ពិល