បណ្តាញសង្គម

រកឃើញទឹកសៀង និងនំធុង ដែលខូចគុណភាពដាក់លក់ក្នុងផ្សារអ្នកលឿង, មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង ដកហូតយកទុកដុតកម្ទេចចោល

(ព្រៃវែង)៖ ដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើ តាមរយៈផលិតផលចំណីអាហារ នៅថ្ងៃទី១៥ ខែមករាឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព ប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារអ្នកលឿង ក្នុងភូមិ០៤ ឃុំព្រែកខ្សាច ស្រុកពាមរ ខេត្តព្រៃវែង។

លោក អ៊ុត សុភាព បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារអ្នកលឿងនេះ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ មីលឿង សរសៃគុយទាវ បាញ់កាញ់ លតស្វិត នំបញ្ចុក មឹក បង្គារស្រស់ ជ្រក់ស្ពៃ ជ្រក់ត្រសក់ ជ្រក់ម្ទេស តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានរកឃើញ នំធុងនិងទឹកសៀង ខូចគុណភាព និងហួសកាលបរិច្ឆេទ។

លោកបានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល។ លោក អ៊ុត សុភាព បានឲ្យដឹងបន្ថែមថា នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ រកទំនិញខូច គុណភាពនេះ ក្រុមការងារ ស្វែង ម្សៅទឹកដោះគោ ម៉ាក Celia and Picot ដែលក្រុមហ៊ុនបានប្រកាសប្រមូលយកមកវិញ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕

ដកស្រង់ពី៖FRESH NEWS