បណ្តាញសង្គម

ត្រីមាសទី១ឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា មានអ្នកស្លាប់៤៨០នាក់ ថយចុះ២% និងអ្នករបួស១,២៣៤នាក់ ថយចុះ១៦%

(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០១៨នេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឲ្យកត់សំគាល់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨។

របាយការណ៍បានឲ្យដឹងថា នៅ៣ខែដំបូងឆ្នាំ២០១៨ ចាប់ពីខែមករាដល់ខែមីនា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា កើតឡើងចំនួន៨១៩លើក ថយចុះ១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានរហូតដល់ ៩៨៩លើក។

ចំពោះអ្នកស្លាប់វិញមានចំនួន៤៨០នាក់ ធ្លាក់ចុះ២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧ អ្នកស្លាប់មានរហូតដល់៤៩២នាក់។ ដោយឡែកសម្រាប់អ្នករបួសវិញ មានចំនួន១,២៣៤នាក់ ធ្លាក់ចុះ១៦% ដែលរយៈពេលដូចគ្នាឆ្នាំ២០១៧មានរហូតដល់ ១,៤៦៨នាក់។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា ពេញ១ឆ្នាំ២០១៧ កើតឡើង៣៥៣១ករណី បើធៀបនឹងឆ្នាំ២០១៦ធ្លាក់ចុះ១៦៩ករណី ដោយបានឆក់យកជីវិតមនុស្ស១,៧៨០នាក់ កើនឡើង៦៣នាក់ និងអ្នករបួសចំនួន៥,៥៣៩នាក់ ធ្លាក់ចុះ១,០៦៨នាក់ បើធៀបនឹងឆ្នាំ២០១៦។

ដកស្រង់ពី៖FRESH NEWS