បណ្តាញសង្គម

រថយន្តបុកបាក់បង្គោលភ្លើងមួយដើម ធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងស្រុកតាវែង

(រតនគិរី)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅម៉ោប្រមាណ ១២៖៣០នាទីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នេះ អគ្គិសនីរតនគិរី បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅស្រុកតាវែង ខេត្តរតនគិរី ដើម្បីឲ្យក្រុមការងារបច្ចេកទេសផ្លាស់ប្តូរបង្គោលបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន ០១ដើម ដែលបានបាក់ខូច ដោយសាររថយន្តដឹកគ្រឿងចក្រឈូសឆាយដីថយប៉ះ។

បើតាមអគ្គិសនីកម្ពុជា ក្រុមការងារបច្ចេកទេសនឹងជួសជុល ព្រមទាំងតភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនវិញនៅម៉ោង ១៦៖៣០នាទីរសៀលថ្ងៃដដែលនេះ។ អគ្គិសនីកម្ពុជា បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ដែលរងផលប៉ះពាល់ដោយសារការជួសជុលបណ្តាញអគ្គិសនីនេះ។

អគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

ដកស្រង់ពី៖FRESH NEWS