បណ្តាញសង្គម

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដ​ឃាត់ខ្លួនជនជាតិវៀតណាម​២៨នាក់ ដែលចូលមកស្នាក់នៅខុសច្បាប់ នៅការដ្ឋានបូមខ្សាច់ ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល​

(ភ្នំពេញ-កណ្ដាល)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល សមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យគោលដៅ ការដ្ឋានកប៉ាល់បូមខ្សាច់ (លើផ្ទៃទឹក) តាមបណ្តោយទន្លេមេគង្គលើ រាជធានីភ្នំពេញ និងទន្លេមេគង្គក្រោម ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានពិនិត្យឃើញមានជនជាតិវៀតណាមសរុប ចំនួន២៨នាក់ ស្រី០៣នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់កាន់កាប់ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំង២៨នាក់ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការណែនាំ និងត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបញ្ជាក់ថា នៅរសៀលថ្ងៃនេះ នាយកដ្ឋានក៏បានទទួលជនជាតិ ប៊ែលហ្សិកម្នាក់ ឈ្មោះ TAMI XAVIER ANDER SEAM គ្មានលិខិតឆ្លងដែន ពីស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដែលជនជាតិប៊ែលហ្សិក រូបនេះដើរឆបោកប្រជាពលរដ្ឋខ្មែរតាមផ្ទះ ហាង និងទីសាធារណៈធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។ ពេលនេះជនសង្ស័យកម្លាំងជំនាញ ក៏កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS