បណ្តាញសង្គម

របាយការណ៍ខេត្តពោធិ៍សាត់៖ រយៈពេល២ថ្ងៃ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ សម្លាប់មនុស្ស២នាក់ របួសធ្ងន់ម្នាក់ ងាប់គោ១ក្បាល របើកដំបូល និងធ្លាក់ជើងតាងផ្ទះ៩ខ្នង

(ពោធិ៍សាត់)៖ រដូវវស្សាចាប់ផ្តើមឈានចូលមកដល់ ធ្វើឲ្យមានគ្រោះថ្នាក់ធម្មជាតិកើតឡើងជាច្រើនផងដែរ នៅទូទាំងប្រទេស។ ដោយឡែកនៅខេត្តពោធិ៍សាត់ មានករណីខ្យល់កន្ត្រាក់ពេលមេឃភ្លៀង និងរន្ទះបាញ់ ដែលកើតឡើង នាល្ងាចថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០១៨ បណ្តាលឱ្យស្លាប់មនុស្សចំនួន២នាក់ របួសធ្ងន់ម្នាក់ ងាប់គោ១ក្បាល របើកដំបូល និងធ្លាក់ជើងតាង ផ្ទះ៩ខ្នង។

ផ្អែកតាមរបាយការណ៍ របស់នគរបាលស្រុកភ្នំក្រវាញ និងស្រុកបាកាន បានឲ្យដឹងថា កាលពីវេលាម៉ោង ៣៖២៥នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់ជនរងគ្រោះឈ្មោះ អុល ធឿន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងដើរគៀងក្របី សំដៅមកផ្ទះ ម្តុំវាលស្រែខាងជើងផ្ទះ(អូរធំ), បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ។

ដោយឡែក នៅវេលាម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់ប្តី-ប្រពន្ធ១គូ ដែលជនរងគ្រោះជាប្តីឈ្មោះ ហេង ម៉ាញ អាយុ២៦ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ, និងប្រពន្ធឈ្មោះ ម៉ុន រស្មី អាយុ១៨ឆ្នាំ រស់នៅភូមិបឹងឈូក ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត, ខណៈកំពុងដើរគៀងក្របីជាមួយគ្នា សំដៅមកផ្ទះ ម្តុំទួលស្រះតាមុំ, បច្ចុប្បន្នសាកសពប្តីត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

បន្ថែមលើនេះ វេលាម៉ោង ៤៖៣០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់គោមួយលើក នៅចំណុចទួលទូលប្រក្រេវ ស្ថិតក្នុងភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ម្ចាស់គោឈ្មោះ ប៊ុន ទ្រី ភេទប្រុស អាយុ៥៣ឆ្នាំ, បច្ចុប្បន្នសាកសពគោ ត្រូវបានប្រគល់ជូនម្ចាស់រួចរាល់ហើយ។

ក្នុងរសៀលថ្ងៃដដែលនោះ ករណីករណីខ្យល់កន្ត្រាក់របើកដំបូល ធ្លាក់ជើងតាង ផ្ទះ៩ខ្នង និងបាក់ដើមឈើ សង្កត់លើដំណើរមួយចំនួន ក្នុងភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ សូមជម្រាបថា បើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់អង្គភាព Fresh News កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់ ខ្យល់កន្ត្រាក់ ធ្វើឲ្យមានផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន៤៩៧ខ្នង ក្នុងនោះមានហេតុការណ៍រន្ទះបាញ់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន១១នាក់ និងងាប់គោ-ក្របីចំនួន១២ក្បាល។

ដោយឡែកចំពោះគ្រោះទឹកជំនន់វិញ មិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ព្រោះទឹកជំនន់កើតឡើងដោយសារចំនួនទឹកភ្លៀង ដែលកើតមានក្នុងរយៈពេលខ្លី ហើយស្រកទៅវិញលឿន តែមានការលិចលង់ស្រូវ នៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងព្រះវិហារ ជាពិសេសខេត្តនៅតាមបណ្តោយកម្ពុជា-ថៃ។ លោកបន្តថា ខាងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកំពុងតែបង្វែរទឹកជំនន់ទាំងនោះ ដើម្បីទៅកន្លែងណាដែលអាចស្រកលឿន ឬក៏បង្វែរទៅកន្លែងប្រព័ន្ធធារាសាស្ត្រតូចធំជាដើម។

បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា រាជធានី-ខេត្តមួយចំនួន អាចនឹងប្រឈមទឹកជំនន់ទឹកភ្លៀង ហើយក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕

ដកស្រង់ពី៖FRESH NEWS