បណ្តាញសង្គម

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតបានវត្ថុតាងមួយចំនួនធំ នៅស្រុកស្នួល

(ក្រចេះ)៖ កម្លាំងនរគបាលស្រុកស្នួល សហការជាមួយកម្លាំងនរគបាលប៉ុស្តិ៍រដ្ឋបាលគ្រញូងសែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដកហូតបានវត្ថុតាងមួយចំនួនធំ ស្ថិតនៅចំណុចគីឡូម៉ែត៤៨ ភូមិគ្រញូងសែនជ័យខាងជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ។

មន្ត្រីនគរបាលស្រុកស្នួល បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ពេជ ផាន់ណា (ហៅ វ៉ា) អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សដូចបីចេងសង្ស័យថាជាសារធាតុញៀនចំនួន០៥កញ្ចប់មធ្យម, ០៣កញ្ចប់តូច, ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀនចំនួន០១, ទូរស័ព្ទដៃចំនួន០២គ្រឿង, ថង់សម្រាប់វេចខ្ចប់មួយចំនួន, ប្រាក់ចំនួន១.៣.១០០០រៀល នឹងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម។

បច្ចុប្បន្ន ជនសង្ស័យ នឹងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS