បណ្តាញសង្គម

ខ្យល់កន្ត្រាក់ លាយឡំភ្លៀង និងរន្ទះបាញ់ បណ្តាលអោយ របួសមនុស្ស ឆេះផ្ទះ ខូចខាតទ្រព្យសម្បត្តិ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន

កំពង់ធំ៖ ខ្យល់កន្ត្រាក់ លាយឡំនិងភ្លៀង ផ្គរបានបង្កជារន្ទះបាញ់ បណ្តាលអោយ របួសមនុស្សឆេះផ្ទះ និងខូចខាត ទ្រព្យសម្បត្តិមួយចំនួន ។ ហេតុការនេះ បានកើតឡើង កាលពីវេលាម៉ោង ៤.៣០នាទីល្ងាច ថ្ងៃទី០២មិថុនា២០១៤ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោកនាយរងប៉ុស្តិ៍សង្កាត់ ស្រយ៉ូវបានអោយដឹងថា កាលពីវេលាម៉ោង៤.៣០នាទីល្ងាច ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៤ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មានខ្យល់កន្ត្រាក់ លាយឡំនិងភ្លៀង ផ្គរបានបង្កជា រន្ទះបាញ់៣ករណី ទី១ បណ្តាលអោយរងរបួសឈ្មោះ លីម សុខហៀង ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងរបួស ឆេះមុខ របកដើមទ្រូង បណ្ដាលអោយសន្លប់។ ទី២ រន្ទះបាញ់ផ្ទះឈ្មោះ ហង្ស ហ៊ីម ប្រពន្ធឈ្មោះ ឡាយ នៅភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្ដាលឲ្យឆេះជញ្ជាំងផ្ទះមួយចំហៀង រួមនិងអង្ករ ១០គីឡូក្រាម ខោអាវ ភួយមុង និងកន្ទេល។ទី៣ រន្ទះបាញ់ផ្ទះឈ្មោះ យ៉ួន វ៉ាត ភេទស្រី នៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខូចខាត ទូរទស្សន៏ ១គ្រឿង អាគុយ ១គ្រឿង ឌីសង់ទ័រ ១គ្រឿង។

ដោយឡែក នៅវេលាម៉ោង៤ល្ងាច នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏មានរន្ទះបាញ់ឈ្មោះ វុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្វាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរជា ជាងសំណង់ បណ្ដាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ ដោយថ្ងៃកើតហេតុជនរងគ្រោះ ឈ្មោះ វុន បានមកធ្វើផ្ទះឲ្យឈ្មោះ ជា អ៊ាងឃន ភេទប្រុស រស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅវេលាម៉ោងខាងលើក៏ជួបគ្រោះថ្នាក់តែម្ដង។