បណ្តាញសង្គម

តុលាការ ឃុំខ្លួនថៅកែ ហាងម៉ាស្សា បង្កប់សេវាផ្លូវភេទ

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ប្តី និងប្រពន្ធ ជាថៅកែហាងម៉ាស្សា បង្កប់សេវាផ្លូវភេទប្រចាំខណ្ឌទួលគោក ជាបណ្តោះអាសន្ននៅពន្ធនាគារ។

ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពី លោក សេង ហៀង ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងចោទប្រកាន់ លើឈ្មោះ លី វិសុទ្ធ ហៅម៉ាប់ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ជាប្តី និងឈ្មោះ ធា សុធារី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធ ពីបទសញ្ចារកម្មមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ៥៦A ផ្លូវ១៤៦ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យោងតាមមាត្រា ២៦ និងមាត្រា ២៧ នៃច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

គួររំលឹកថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបហាងធ្វើសសៃបែបខ្មែរបុរាណយីហោ «បាតដៃសំណាង» កាលពីយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៥៦A ផ្លូវ១៤៦ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនត្រូវចោទទាំង ២នាក់ប្តីប្រពន្ធ ជួយសង្គ្រោះ បានស្ត្រីរងគ្រោះចំនួន ០៩នាក់៕

ដកស្រង់ពី៖FRESH NEWS