បណ្តាញសង្គម

កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខជាមួយ​គ្រួសារសព​ លោកវរសេនីយ៍ទោ​ ពេជ្រ​ សុខ​ ដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍​

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោក ឌួង អេលីត នាយកពិធីការ និងសហការី អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំគ្រឿងឧបភោគ បរិភោគ បច្ច័យមួយចំនួនទៅចូលរួមបុណ្យសពលោក វរសេនីយ៍ទោ ពេជ្រ សុខ ជានាយទាហាននៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយបន្សល់ទុកភរិយា កូនតូច និងកូនក្នុងផ្ទៃឱ្យនៅកំព្រា។

ក្នុងមរណភាពដ៏សែនក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ ពេជ្រ សុខ បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ដកស្រង់ពី៖FRESH NEWS