បណ្តាញសង្គម

នគរបាល ក្រុងពោធិ៍សាត់ ចុះល្បាតប្រមូលក្មេងទំនើង ដែលស្នាក់នៅ តាមសណ្ឋាគារ និង ផ្ទះសំណាក់ មកអប់រំ

ពោធិ៍សាត់៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៤ កន្លងមកនេះ បានបើកប្រតិបត្តិការ ដើរល្បាតជាប្រចចាំ នៅពេលយប់ តាមបទបញ្ជារបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាព ខេត្តពោធិ៍សាត់ ដើម្បីចុះត្រួតពិត្យ និងប្រមូលក្មេងទំនើង ដែលប្រមូលផ្តុំគ្នាសេពថ្នាំញៀន នៅតាមសណ្ឋាគារ និង ផ្ទះសំណាក់នានា ក្នុងក្រុងពោធិ៍សាត់ ដើម្បីយកមកធ្វើការអប់រំឲ្យ លះបង់នូវការប្រព្រិត្តិអំពើមិនល្អ ដែលច្បាប់ហាមឃាត់ ។

នៅក្នុងកិច្ចប្រតិបត្តិការ ចុះប្រមូលក្មេងទំនើង កាលពីយប់ថ្ងៃទី១១ ខែមិថុនា កន្លងមកនេះ សមត្ថកិច្ច ក៏បានរកឃើញ និងឃាត់ខ្លួនជាបណ្តោះអាសន្ន បានក្មេងទំនើងចំនួនជាង១០ នាក់ផងដែរ ដោយក្នុង នោះសមត្ថកិច្ចបានធ្វើតេស្តឈាម និង ទឹកនោម ក៏បានរកឃើញក្មេងៗទាំងនោះ មានផ្ទុកសារជាតិ ញៀន នៅក្នុងខ្លួនមួយចំនួន ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងៗទាំងនោះក្រៅពី អ្នកមានផ្ទុកសារជាតិញៀន សមត្ថកិច្ចក៏បានធ្វើ ការអប់រំ និងឲ្យអាណាព្យាបាលមកធានាកូនរបស់ខ្លួន ដើម្បីយកទៅផ្ទះវិញ ចំណែកឯក្មេងៗ ដែលមាន ផ្ទុកសារជាតិញៀន នៅក្នុងខ្លួននោះ សមត្ថកិច្ចនៅមិនទាន់អះអាងថា យកទៅអប់រំ ឫ ក៏អនុវត្តផ្លូវច្បាប់ នោះឡើយ ៕