បណ្តាញសង្គម

មុន​ស៊ីហ្គេមមកដល់ នារី​ខ្មែរ-អាមេរិក​ Casandre ទៅ​ប្រកួត​ជើង​ឯក​តេក្វាន់ដូធំ២នៅអូស្ត្រាលីទៀត​

កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជាកញ្ញា Casandre Tubbs នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តេក្វាន់ដូធំពីរចាប់ពីថ្ងៃស្អែកទៅ នៅប្រទេសអូស្ត្រាលី។

កីឡាការិនីខ្មែរ-អាមេរិកដែលជាជម្រើសជាតិកម្ពុជា Casandre ត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Oceania Presidents Cup G-2 នៅថ្ងៃទី២៧ ខែមិថុនាស្អែកនេះ មុនពេលបន្តចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Australian Open G-2 ទៀតនៅថ្ងៃទី២៩ ខែមិថុនានេះដូចគ្នា។

ព្រឹត្តិការណ៍សំខាន់ទាំងពីរនេះធ្វើឡើងនៅប្រទេសអូស្ត្រាលី។ ជើងឯក Oceania Presidents Cup G-2 និង Australian Open G-2 បើកឲ្យចុះឈ្មោះចូលរួមប្រកួតពីគ្រប់កីឡាករ កីឡាការិនីមកពីប្រទេសផ្សេងៗជុំវិញពិភពលោកដែលធ្វើឲ្យព្រឹត្តិការណ៍ទាំងពីរក្លាយជាកម្រិតពិភពលោក។

ជារឿយៗ កីឡាករ កីឡាការិនីខ្លាំងៗរបស់ប្រទេសផ្សេងជុំវិញពិភពលោកបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗជាច្រើនក្នុងមួយឆ្នាំៗដើម្បីជាការកម្តៅសាច់ដុំ និងត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍ធំលំដាប់ពិភពលោកផ្សេងដូចជា កីឡាអូឡាំពិកឆ្នាំ២០២០នៅប្រទេសជប៉ុនជាដើម។

ដូចគ្នានេះ Casandre ត្រូវបានគេមើលឃើញថា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកផ្សេងៗញឹកញាប់ ដោយពេលខ្លះឈ្នះមេដាយ ហើយពេលខ្លះក៏មិនទទួលបានលទ្ធផលល្អ ប៉ុន្តែនេះជាការត្រៀមខ្លួន និងកម្តៅសាច់ដុំសម្រាប់កម្ពុជាដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចុងឆ្នាំ២០១៩នេះ៕

ដកស្រង់ពី៖ Sabay