បណ្តាញសង្គម

យុវជន ភ្នំពេញក្រោន លើកពាន Yamaha Challenge International Friendly ២០១៤

ភ្នំពេញ៖ ក្រុមបាល់ទាត់ យុវជនថ្នាល របស់ក្លិបភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Yamaha Challenge International Friendly ២០១៤ ក្រោយប្រកួតដណ្ដើម បានពិន្ទុច្រើនក្រុម ៥ ផ្សេងទៀត នៅវគ្គពីប្រកួតវិលជុំ ដែលរៀបចំនៅ ទីលានមជ្ឍមណ្ឌល និង សាលាបាល់ទាត់ជាតិ ទន្លេបាទី។

គណៈកម្មាធិការ រៀបចំការប្រកួត បានសម្រេចឱ្យក្រុម ដែលចូលរួមទាំង ៦ ត្រូវប្រកួតគ្នាវិលជុំ ហើយក្រុមណា ដែលមានពិន្ទុច្រើនជាងគេ នឹងត្រូវក្លាយជាជើងឯក។ តារាង ចំណាត់ថ្នាក់ក្រុមទាំង ៦ ក្រោយចប់ការប្រកួតមាន៖

១) U-15 ភ្នំពេញក្រោន

២) U-14 Gifu Selection (ជប៉ុន)

៣) U-14 សាលាបាល់ទាត់ជាតិ

៤) U-15 អាកាសចរស៊ីវិល

៥) U-15 ស្វាយរៀង

៦) U-14 GFA Singapore (សិង្ហបុរី)

លោក គល់ សុផាណា អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា អង្គការ Global Football Soriya Co,.Ltdសហការជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការឧបត្ថម្ភពី ក្រុមហ៊ុន Yamaha បង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណង ជួយ ពង្រឹងក្រុមយុវជន នីមួយៗ ការចែករំលែកបច្ចេកទេសថ្មីៗ ដល់ក្រុមកម្ពុជា ការផ្លាស់ប្ដូរវប្បធម៌គ្នា ជាអន្តរជាតិ និងសិក្សាពី បំណិនជីវិត របស់កីឡាករវ័យក្មេង។

តាមការបន្ថែម ពីខាងអ្នក រៀបចំកម្មវិធី ការប្រកួតនេះទំនង ជាមានក្រុមបរទេសច្រើន នឹងចូលរួមប្រកួតនៅ លើកក្រោយ ព្រោះការ រៀបចំនៅឆ្នាំនេះ បញ្ចប់ដោយ ភាពជោគជ័យ។ ចំណែក Yamaha Challenge International Friendly 2014 រៀបចំឡើងរយៈពេល ៣ ថ្ងៃ ពោល គឺចាប់ពីថ្ងៃទី ២២ ដល់ ២៥ សីហា ឆ្នាំ ២០១៤ ម្សិលមិញនេះ៕

ដកស្រង់ពី៖ ថ្មីៗ