បណ្តាញសង្គម

គួច សុកុម្ភៈ ថា​លេង​តំណែង​អ្វី​អត់​ខ្វល់ សំខាន់​គោរព​តាម​ការ​សម្រេច​របស់​គ្រូ​បង្វឹក

ក្រោយប្ដូរតួនាទីពីខ្សែប្រយុទ្ធ មកខ្សែបម្រើកណ្ដាល បម្រើការពារ និងម្ដងម្កាលលេងជាខ្សែការពារ គួច សុកុម្ភៈ ថាមិនខ្វល់ឡើយ អ្វីដែលសំខាន់គឺគេគោរពតាមការសម្រេចរបស់គ្រូបង្វឹក និងត្រូវរៀនលេងនៅតំបន់ទាំងនោះ ដើម្បីទទួលបានបទពិសោធន៍ថ្មី ឆ្ពោះទៅរកការអភិវឌ្ឍន៍ខ្លួន។

ការប្ដូរមកលេងជាខ្សែបម្រើ អតីតកីឡាករភ្នំពេញក្រោន ទទួលស្គាល់ពិតជាពិបាក ត្រូវរ៉ាប់រងច្រើន មានការទទួលខុសត្រូវខ្ពស់ ដ្បិតពីមុនគេលេងតំណែងប្រយុទ្ធ មិនធ្លាប់លេងតួនាទីនេះ។

ខ្សែបម្រើក្លឹបណាហ្គាវើលដ៍ គួច សុកុម្ភៈ បញ្ជក់ថា៖«ពាក់ព័ន្ធការលេងបម្រើសម្រាប់ខ្ញុំពិបាកណាស់ ដោយសារតែដំបូងខ្ញុំមិនមែនជាខ្សែបម្រើ ខ្ញុំលេងជាខ្សែប្រយុទ្ធ ហើយបន្ទាប់មកបានគ្រូផ្លាស់ប្ដូរខ្ញុំឱ្យលេងបម្រើ តែខ្ញុំអត់ខ្វល់ សំខាន់គាត់ឱ្យខ្ញុំលេងបម្រើខ្ញុំរៀនលេងបម្រើ ខ្ញុំបានប៉ុណ្ណាខ្ញុំយកប៉ុណ្ណឹង ខ្ញុំអត់ដឹងថាខ្ញុំល្អឬមិនល្អទេ តែគាត់ឱ្យខ្ញុំលេងបម្រើខ្ញុំលេងបម្រើ ឱ្យលេងការពារខ្ញុំលេងការពារ»។

កាលលេងឱ្យក្លឹបខេមរាកីឡា គួច សុកុម្ភៈ លេងជាខ្សែប្រយុទ្ធ ប៉ុន្តែបន្ទាប់ពីមកចូលរួមជាមួយក្រុមខ្លាំងណាហ្គាវើលដ៍ គេត្រូវបានគ្រូដាក់ឱ្យលេងបម្រើកណ្ដាល បម្រើការពារ និងជួនកាលលេងជាខ្សែការពារ។ អ្នកខេត្តកំពង់ធំ គួច សុកុម្ភៈ ក្នុងឆ្នាំ២០០៣ -២០០៤ លេងឈុតយុវជនក្លឹប Army Youth FC ឆ្នាំ២០០៥-២០១០ លេងឱ្យ ខេមរាកីឡា ឆ្នាំ២០១០-២០១៥ លេងឱ្យភ្នំពេញក្រោន និងឆ្នាំ២០១៥ -បច្ចុប្បន្ន លេងឱ្យ ណាហ្គាវើលដ៍៕