បណ្តាញសង្គម

Dortmund ចាប់​អារម្មណ៍​ខ្សែ​បម្រើ Vidal របស់ Barcelona ខ្លាំងណាស់

កុងត្រារបស់ Arturo Vidal នៅ Bacelona នឹងអស់នៅរដូវកាល២០២០/២១ ហើយបើតាមសម្ដីរបស់អ្នកចាត់ការក្រុមជម្រើសជាតិឈីលី Reinaldo Rueda ក្លឹបអាល្លឺម៉ង់ Borussia Dortmund បានចាប់អារម្មណ៍ចុះកុងត្រា យកខ្សែបម្រើកណ្ដាលឈីលីវ័យ៣២ឆ្នាំរូបនេះ ទៅចូលរួមក្រុមខ្លាំងណាស់។

លោក Rueda ប្រាប់សារព័ត៌មាន Sport ថា ៖"គាត់តែងតែចង់ធ្វើជាតួឯក។ គាត់មានការព្រួយបារម្ភ ពេលមិនបានលេងជាប្រចាំ។ គាត់តែងត្រូវបានគេចាត់ទុកជាកីឡាករឆ្នើម"។ យ៉ាងណាក៏ដោយ អ្នកចាត់ការជម្រើសជាតិឈីលីជឿជាក់ថា Vidal ពេញចិត្តនៅកីឡដ្ឋាន Camp Nou ហើយស្តាយលេងរបស់គេ គឺត្រូវជាមួយអ្នកចាត់ការក្រុម Quique Setien។

“ខ្ញុំគិតថាគាត់ពេញចិត្តនៅ Barcelona។ អ្នកគាំទ្របានស្វាគមន៍គេល្អណាស់ ហើយខ្ញុំសង្ឃឹមថាពេលគេទៅណាក៏ដោយ គេនៅតែជាតួឯក"។ លោក Rueda បញ្ជាក់។ បើទោះជាបែបនេះក្ដីអតីតកីឡាករក្រុមសេះបង្កង់ Juventus អាចនឹងចេញពី Barca នៅទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ ព្រោះកាលពីពេលថ្មីៗកន្លងទៅ មានព័ត៌មានក្លឹបអ្នកមានបុណ្យចង់លក់រូបគេ និងកីឡាករមួយចំនួនទៀតចេញ ដើម្បីទិញយកខ្សែប្រយុទ្ធ Lautaro Martinez មកចូលរួមក្រុម៕