បណ្តាញសង្គម

តូច​ ទូ​ នឹង​ពង្រឹង​សមត្ថភាព​ សម្រក​ទម្ងន់​ដើម្បី​បាន​វ៉ៃ​បរទេស​ពេល​ចប់​ COVID

សិស្សគុនមកពីសមាគមកីឡាក្រសួងការពារជាតិ តូច ទូ ថានឹងព្យាយាមពង្រឹងសមត្ថភាព និងសម្រក់ទម្ងន់មកត្រឹម ៦៧-៦៩ ដើម្បីបានឱកាសវ៉ៃគូបរទេសនៅពេលចប់ជំងឺឆ្លង COVID ខាងមុខ។

តូច ទូ បានឲ្យដឹងថា ប្រឡូកក្នុងវិស័យប្រដាល់ប៉ុន្មានឆ្នាំមកនេះគិតទៅប្រកួតជាង៩០ដង ធ្លាប់ប៉ះបរទេសប្រហែលជាង១០ប៉ុណ្ណោះ។ ដោយសារតែ COVID ខ្លួនបានប៉ះជើងខ្លាំងទម្ងន់ធ្ងន់ច្រើនរូបនៅកម្ពុជា ហើយសុទ្ធតែជាអ្នកវ៉ៃបរទេសជាដើម ដូច្នេះហើយគិតថាសមត្ថភាពរីកចម្រើនគួរសមអាចនឹងប្រកួតជាមួយបរទេស ឬរងគូឯក គូឯកបានហើយ។

កូនសិស្សលោក ធន់ សុភា រូបនេះបន្តប្រាប់ទៀតថា ចាប់ផ្ដើមពង្រឹងសមត្ថភាពជាបណ្ដើរៗហើយ ដើម្បីត្រៀមនៅពេលចប់ COVID អាចមានសមត្ថភាពពេញលេញប្រកួតជាមួយបរទេសផ្សេងៗផងដែរ។ រំលឹកដែរថា កីឡាករ តូច ទូ ប្រកួតចុងក្រោយចាញ់ពិន្ទុ ឯម ឡេងលី ក្នុងកម្មវិធីប្រដាល់ខារ៉ាបាវ របស់សង្វៀនបាយ័ន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ៕