បណ្តាញសង្គម

ល្ហិចល្ហៀង​ថា ម៉ាត់ យ៉ាមីន ​នឹង​ចូល​លេង​លីគ​កំពូល​វិញ​នៅ​ជុំទី២

ប្រភពដ៏គួរឱ្យទុកចិត្តមួយបានខ្សឹបដាក់ Sabay ថា ម៉ាត់ យ៉ាមីន អាចនឹងចូលលេងនៅលីគកំពូលកម្ពុជាវិញនៅជុំទី២ ក្រោយបាត់មុខពីសមរភូមិវាលស្មៅអស់មួយរយៈធំ។

ប្រភពសុំមិនបញ្ចេញឈ្មោះរូបនោះបញ្ជាក់ថា ៖«ហ្នឹងហើយ! ម៉ាត់ យ៉ាមីន អាចលេងវិញបាននៅជុំទី២ ប៉ុន្តែអត់ដឹងថាក្លឹបណា...បើនិយាយពីសមត្ថភាពខ្ញុំយល់ឃើញថាយ៉ាមីន គាត់គ្រាន់បើ»។

ជុំវិញវិញដំណឹងនេះដែរ តាមរយៈការឆ្លើយឆ្លងលើបណ្ដាញសង្គមហ្វេសប៊ុក ម៉ាត់ យ៉ាមីន បានឱ្យដឹងយ៉ាងខ្លីថានេះជារឿងពិត ប៉ុន្តែគេសុំមិនបញ្ចេញឈ្មោះក្លឹបនោះឡើយ។

អតីតកីឡាករបឹងកេតវ័យ២៧ឆ្នាំ បានបញ្ជាក់ថា ៖«ជុំទី២ខ្ញុំនឹងទៅលេងវិញ ប៉ុន្តែខ្ញុំសុំមិនបញ្ចេញឈ្មោះក្លឹប...ណាមួយរឿងនេះមិនទាន់ផ្លូវការនៅឡើយ»។ អ្នកភ្នំពេញរូបនេះ បានបង្ហើបថាមានក្លឹបមួយចំនួនបានទាក់ទងចង់បានរូបគេ ក្រោយចែកផ្លូវជាមួយក្លឹបបឹងកេត កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានគេបដិសេធ។

ម៉ាត់ យ៉ាមីន ជាខ្សែបម្រើល្អមួយរូបនៅកម្ពុជា បើទោះជាគេមិនទាន់ជាប់ជម្រើសជាតិក្ដី។ យ៉ាមីន បានចូលលេងឱ្យបឹងកេតតាំងពី២០១៥ ដល់ដើមឆ្នាំ២០២០ ហើយគេធ្លាប់ជួយឱ្យបឹងកេត លើកពានលីគកំពូលកម្ពុជា ២ដង និងពានសម្ដេច ហ៊ុន សែន ១ លើកផងដែរ។

គួរបញ្ជាក់ថា ជើងទី១នឹងធ្វើឡើងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់ថ្ងៃទី១២ និង១៣ ខែកញ្ញា ចំណែកជើងទី២ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ ២៤-២៥ ខែតុលា ឆ្នាំ២០២០ខាងមុខ៕