បណ្តាញសង្គម

ការ​ពិត គ្រូ​ត្បូង​ឃ្មុំ ​ធ្លាប់​រៀន​សូត្រ​ពី​​គ្រូ​ភ្នំពេញ​ក្រោន ១ក្បាច់​នេះ​

លោក ផន រស្មីពេជ្រ គ្រូបង្គោលខេត្តត្បូងឃ្មុំ បានបង្ហោះសារមួយអរគុណដល់លោក ស៊ុម វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោន ដែលបានផ្ដល់ដំបូន្មានល្អៗដល់ខ្លួនកន្លងមក។

ក្រុមខេត្តត្បូងឃ្មុំ ដែលជាក្រុមការពារតំណែងជើងឯក Hun Sen Cup ថ្នាក់ខេត្ត បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅឆ្នាំនេះ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុមខេត្តកែបកាលពីម្សិលមិញនេះ។

ពួកគេនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ប្រកួតទល់ក្រុមខេត្តព្រៃវែង ដណ្ដើមជើងឯកឆ្នាំ២០២០នេះ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ដោយឡែកនៅម្សិលមិញនេះ លោក ផន រស្មីពេជ្រ គ្រូបង្គោលខេត្តត្បូងឃ្មុំ ក្រោយពីចប់ការប្រកួតជាមួយខេត្តកែប បានផ្ដល់បទសម្ភាសន៍ជាមួយ BTV ហើយបញ្ជាក់ថាក្រុមរបស់ខ្លួនបានឈ្នះពាន Hun Sen Cup ថ្នាក់ខេត្តទៅហើយ ព្រោះខេត្តព្រៃវែងជាក្រុមយុវជនរបស់វិសាខា។

តែយ៉ាងណា លោកក៏សប្បាយចិត្ត នៅពេលដែលបានប្រកួតទល់ក្រុមខ្លាំងបែបនេះនៅ វគ្គផ្ដាច់ព្រ័ត្រដែរ។ មួយវិញទៀត គ្រូបង្វឹកដែលល្បីខាងសម្ដីមិនចេះទប់មាត់នេះ ក៏បានបង្ហោះសារមួយដើម្បីអរគុណដល់លោក ស៊ុម វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោនផងដែរ ដែលបានផ្ដល់ជាដំបូន្មានល្អៗដល់ខ្លួនកន្លងមក។

លោក រស្មីពេជ្រ សរសេរថា៖ "អរគុណបងប្រុសដែលជួយប្អូនរហូតមកទាំងយុទ្ធសាស្រ្តនឹងប្រៀនប្រដៅប្អូនរហូតមកបងតែប្រាប់ប្អូនថាងើយស្កកឱនដាក់គ្រាប់ (គ្រូមួយថ្ងៃគ្រូមួយជីវិត)”៕