បណ្តាញសង្គម

បើ Suarez ​ទៅ Juventus ​មែន ​ចុះ​រឿង​ខាំ Chiellini ​នោះ ​យ៉ាង​ណា​វិញ​?

ខ្សែប្រយុទ្ធ Luis Suarez មានដំណឹងថាកាន់តែកៀកផ្លាស់ទៅលេងនៅក្រុម Juventus ហើយ ក្រោយពីភាគីសាមីខ្លួននិងក្លឹបចរចាត្រូវគ្នាលក្ខខណ្ឌផ្ទាល់ខ្លួន។

ប្រភពនៅអ៊ីតាលី បានបញ្ជាក់ថាក្រុម Juventus ក្រោមការដឹកនាំរបស់លោក Pirlo បានផ្ដល់កុងត្រាឱ្យកីឡាករក្រុម FC Barcelona ដល់ទៅ៣ឆ្នាំឯណោះ ជាមួយលក្ខខណ្ឌពិសេសៗជាច្រើនទៀត។

តែបើសិនជាអតីតកីឡាករ Liverpool ផ្លាស់ទៅក្រុមជើងឯកអ៊ីតាលីមែន តើបញ្ហារបស់គេ ជាមួយខ្សែការពារ Chiellini នៅ World Cup 2014 នោះ នឹងទៅជាយ៉ាងណាទៅ ព្រោះថាកាលនោះ Suarez បានខាំស្មារបស់ខ្សែការពារអ៊ីតាលី Chiellini និងរងពិន័យជាច្រើន។

បើតាមសម្ដីរបស់ Chiellini ធ្លាប់និយាយកន្លងមក គឺទំនាក់ទំនងរវាងអ្នកទាំងពីរមិនមានបញ្ហានោះទេ។ ខ្សែការពារជម្រើសជាតិអ៊ីតាលី បាននិយាយថា៖ “ខ្ញុំមិនត្អូញត្អែរអ្វីទេ វាមានទៅមានមក។ Suarez និងខ្ញុំគឺស្រដៀងគ្នា។ ខ្ញុំចូលចិត្តខ្សែប្រយុទ្ធដូចគាត់។

ខ្ញុំបានទាក់ទងគាត់២ ៣ថ្ងៃបន្ទាប់ពីការប្រកួតនោះ ប៉ុន្តែគាត់មិនចាំបាច់សុំទោសអ្វីនោះទេ។ ខ្ញុំក៏ធ្លាប់ធ្វើរឿងអីចឹងលើទីលានដែរ ហើយខ្ញុំមានមោទកភាពចំពោះវា”៕