បណ្តាញសង្គម

Messi ​កំពុង​បន់​ឱ្យ Ronaldo ​ឆាប់​ជា​សះស្បើយ ​និង​បាន​ប្រកួត​គ្នា​ម្ដង​ទៀត​

ខ្សែប្រយុទ្ធ Lionel Messi ចង់ឱ្យ Cristiano Ronaldo ជាសះស្បើយពីមេរោគកូវីដ១៩ឱ្យលឿនបំផុត ដើម្បីបានជួយក្រុម Juventus ប៉ះ Barcelona នៅថ្ងៃពុធសប្ដាហ៍ក្រោយ។

Cristiano Ronaldo បានធ្វើតេស្ដមេរោគកូវីដ១៩ជាលើកទី២ ប៉ុន្តែលទ្ធផលបានចេញមកថា រូបគេនៅតែវិជ្ជមានដដែល។ កត្ដានេះ បានធ្វើឱ្យរូបគេទំនងជាមិនអាចចូលលេងជួយក្រុម Juventus បានឡើយ ពេលប៉ះ Barcelona ព្រោះតាមច្បាប់ UEFA តម្រូវឱ្យតេស្ដអវិជ្ជមានមុនទើបអាចចូលលេងបាន។

យ៉ាងណាមិញ ក្រុម Juventus បានសរសេរលិខិតមួយបញ្ជាក់ថា Ronaldo មានសុខភាពល្អជាធម្មតា និងសុំធ្វើតេស្ដលើកទី៣ម្ដងទៀត ដើម្បីបញ្ជាក់។ អំឡុងពេលចាំធ្វើតេស្ដចុងក្រោយម្ដងទៀតនេះ Messi ដែលជាកីឡាករដៃគូប្រកួតប្រជែងរបស់ Ronaldo រាប់ឆ្នាំមកហើយនោះ បានចេញមុខនិយាយថា៖ “ប្រកួតណាដែលមាន Cristiano គឺតែងតែពិសេសជានិច្ច។ នៅថ្ងៃពុធខាងមុខនេះ គឺជាការប្រកួតប្រជែងល្អមើលមួយ ហើយយើងសង្ឃឹមថា Cristiano នឹងនៅទីនោះ និងជាសះស្បើយពីមេរោគកូវីដ១៩ ឆាប់ៗនេះ”៕