បណ្តាញសង្គម

ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ លើកទី២៥​ ដើម​ខែ​ធ្នូ​នេះ​នៅ​តែ​ធ្វើ​ដដែល​កុំ​ភ្លេច​ចូលរួម​

ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី២៥ ដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះគឺនៅតែធ្វើដដែលទេបើទោះជាអំឡុងពេលនេះមានជំងឺកូវីដ យ៉ាងណាក្ដីប៉ុន្តែមានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធអនាម័យអ្នកចូលរួម។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថាព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ នៅតែធ្វើការប្រកួតដដែលទេ។ ប៉ុន្តែការរៀបចំនេះគឺមានវិធានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជារក្សាគម្លាត វាស់កម្ដៅ លាងដៃ។

អ្នកជំនាញខាងកីឡារូបនេះបន្តលើកឡើងទៀតថា រត់ប្រណាំងលើកនេះគឺមិនមានបរទេសដែលហោះមកពីក្រៅប្រទេសនោះឡើយ ពោលមានតែអ្នកធ្វើការក្នុងប្រទេសប៉ុណ្ណោះ និងអ្នកចូលរួមក៏កាត់បន្ថយនៅត្រឹមប៉ុន្មានរយនាក់ទេ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី២៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០។ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនេះ បង្កើតឡើងក្នុងបំណងផ្សព្វផ្សាយតំបន់ទេសចរណ៍របស់កម្ពុជា និងប្រមូលថវិកាជួយមន្ទីរពេទ្យ សាលារៀន និងអង្គការនានា៕