បណ្តាញសង្គម

តំណាង​ CAMSOC​ ប្រាប់​ពី​មូលហេតុ​ធ្វើ​សិក្ខាសាលា​ស្ដីពី​ «អប់រំ​សង្គម​ឆ្ពោះ​ទៅ​ ស៊ីហ្គេម»

អគ្គលេខាធិការ CAMSOC ថាបានជាត្រូវរៀបចំសិក្ខាសាលាធំមួយនៅខែធ្នូ ឆ្នាំ២០២០ ស្ដីពី «អប់រំសង្គមឆ្ពោះទៅ ស៊ីហ្គេម» លើកទី៣២ នៅកម្ពុជានេះគឺជាចំណុចចាប់ផ្ដើម និងការផ្សព្វផ្សាយទូលំទូលាយផ្លូវការ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មការរៀបចំស៊ីហ្គេម លើកទី៣២ បានឲ្យដឹងថា សិក្ខាសាលាដែលគ្រោងធ្វើថ្ងៃទី១៦ខែធ្នូ ខាងមុខនេះគឺជាការចាប់ផ្ដើមទទួលចូល ឬជាការចាប់ផ្ដើមទូទាំងប្រទេស ប្រសិនបើមិនរៀបចំធ្វើទេគឺគ្មានចំណុចទាំងនេះឡើយ។

ព្រោះកន្លងទៅត្បិតមានការប្រជុំជាបន្តបន្ទាប់មែន ប៉ុន្តែនេះជាការប្រជុំក្នុងកម្រិតជំនាញ ឬមួយផ្នែកនៃភាគីពាក់ព័ន្ធនោះទេ មិនមែនជាលក្ខណៈផ្សព្វផ្សាយទូលំទូលាយទូទាំងប្រទេសឡើយ។ សិក្ខាសាលានេះគឺបង្ហាញពីការចាប់ផ្ដើម បង្ហាញពីការតាមដានការអនុវត្តន៍ផែនការវាយតម្លៃលទ្ធផលយុទ្ធនាការនានា និងកែប្រែចំណុចឆកល្វែងណាមួយ។

ច្បាប់អន្តរជាតិមុនអនុញ្ញាតឲ្យប្រទេសណាទទួលធ្វើម្ចាស់ផ្ទះរៀបចំហ្គេម នោះដាច់ខាតត្រូវបំពេញលក្ខខណ្ឌឲ្យបានត្រឹមត្រូវដូចជាបរិស្ថានស្អាត សន្តិសុខ អត្តចរិតប្រជាពលរដ្ឋ និងចំណុចសំខាន់ៗមួយចំនួនទៀត។ រំលឹកដែរថា គណៈកម្មការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ CAMSOC នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីអំពី «អប់រំសង្គមឆ្ពោះទៅស៊ីហ្គេម ២០២៣» នេះគ្រោងនឹងធ្វើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០៕