បណ្តាញសង្គម

ក្រុម Marine ​​ប៉ះ Spurs ​នៅ FA Cup ​នោះ ​ជា​ក្លឹប​មិន​អាជីព ​ទីលាន​មាន​កៅអី​តែ​៣៨៩​

ក្រុមMarine AFC នឹងត្រូវរៀបចំទីលានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Spurs ដែលកំពុងឈរនៅកំពូលតារាង Premier League ក្នុងពានរង្វាន់ FA Cup ក្នុងជុំទី៣។

សម្រាប់ការប្រកួតនេះ អ្នកគាំទ្រពិតជាមើលទៅមិនសមគ្នានោះទេ ព្រោះ Marine AFC ជាក្រុមមិនអាជីពឡើយ ហើយក្រុម Spurs វិញ ពោរពេញដោយកីឡាករល្អៗច្រើន។

តែជាក់ស្ដែងវិញ ថ្នាក់ដឹកនាំនិងកីឡាករ Marine AFC ពិតជាសប្បាយចិត្តនឹងការប្រកួតមួយនេះ ព្រោះវាកម្រមានណាស់ដែលពួកគេមានឱកាសបានលេងជាមួយក្រុមខ្លាំងបែបនេះ។

ដើម្បីរៀបចំការប្រកួតនេះបាន Marine AFC ត្រូវត្រៀមខ្លួនជានិច្ចក្នុងការពិនិត្យមេរោគកូវីដ១៩ឱ្យបានច្បាស់លាស់។ មួយវិញទៀត ទីលានរបស់ពួកគេក៏មានកៅអីសម្រាប់អ្នកគាំទ្រតែ៣៨៩កៅអីប៉ុណ្ណោះ ប៉ុន្តែបើសិនអ្នកគាំទ្រអាចឈរមើលការប្រកួតបាន នោះនឹងអាចឡើងដល់ជាង៣ពាន់នាក់បាន។

ចំពោះការប្រកួតនេះដែរ លោក Jose Mourinho អ្នកចាត់ការក្រុម Spurs ក៏បានបញ្ចេញអារម្មណ៍ដែរថា លោកពេញចិត្តនិងចូលចិត្តពានរង្វាន់ FA Cup របស់អង់គ្លេស ដោយសារតែមានការចាប់គូ ដោយមិនរើសអើងកម្រិតលីគទេ។

ដូច្នេះវាជាឱកាសល្អមួយសម្រាប់ក្រុមលីគទាប ដែលអាចបានប៉ះក្រុមខ្លាំងបាន។ សម្រាប់ការប្រកួតវិញ លោកក៏អះអាងថានឹងដាក់កីឡាករពេញជើងផងដែរ មិនឱ្យក្រុម Marine AFC ខកបំណងឡើយ៕