បណ្តាញសង្គម

Ole ថា ស្ដាយ​ណាស់​មិន​គួរ​ឲ្យ Fred បន្ត​លេង​រហូត​បាន​កាត​ក្រហម

អ្នកចាត់ការរបស់ក្លឹប Manchester United លោក Ole Gunnar Solskjaer បាននិយាយថា តាមពិតលោកគួរតែប្ដូរ Fred ចេញ មុនពេលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបណ្ដេញចេញពីទីលាន។

Man Utd បានបរាជ័យ៣-១ ក្នុងផ្ទះខ្លួនឯងដោយសារថ្វីជើងរបស់ Paris St-Germain ធ្វើឲ្យពួកគេខកខានមិនទាន់ធានាបាន១០០%អាចឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Champions League។ Fred ទទួលបានកាតលឿងទីពីរនាទី៧០ ក្រោយបង្កកំហុសលើ Ander Herrera។

ចប់ការប្រកួតលោក Ole បាននិយាយថា Fred សំណាងណាស់ដែលអាចបន្តលេង បន្ទាប់ពីប៉ះទង្គិចលើកទីមួយជាមួយ Leandro Paredes បានត្រឹមកាតលឿង។ គេលេងល្អ ប៉ុន្តែបើរំឭកទៅក្រោយវិញ តាមត្រូវគួរឲ្យប្ដូរគេចេញ។ ចំណុចមួយទៀត Ole គិតថា ការប៉ះគ្នាជាមួយ Herrera មិនសមបានកាតសោះ។

សម្រាប់បរាជ័យនេះធ្វើឲ្យ United មាន៩ពិន្ទុស្មើគ្នាជាមួយ PSG និង RB Leipzig ក្នុងពូល H។ Man Utd ត្រូវការត្រឹមតែស្មើប៉ុណ្ណោះនៅប្រកួតចុងក្រោយ ដើម្បីបានឡើងវគ្គ១៦ក្រុមចុងក្រោយ៕