បណ្តាញសង្គម

ចាវកំពង់ចាម រហស្សនាម «ស្មាត់វៃងាប់ឆ្កែ» ល្អមួយកំប្លេ​!

បើនិយាយពីចាវកំពង់ចាម អ្នកស្នេហាវិស័យកីឡាបាល់ទះប្រាកដជាស្គាល់ ដ្បិតថាកម្លាំងដៃនៃការវៃចេញមួយគ្រាប់ៗរបស់គេ គឺលឿនហើយធ្ងន់ពិបាកក្នុងការការពារ រហូតត្រូវមហាជនដាក់រហស្សនាមឱ្យថា «ចាវកំពង់ចាមវៃងាប់ឆ្កែ»។

តាមពិតទៅចាវកំពង់ចាមមានឈ្មោះក្នុងបញ្ជីជាតិ ឌី លីដា វ័យ២៦ឆ្នាំ កើតនៅភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នចាវជាកីឡាករបាល់ទះអាជីព របស់ក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយបើតាមការឱ្យដឹងពីលោកគ្រូបង្វឹកបាល់ទះ សោម ណារិទ្ធ គេជាកីឡាករល្អមួយរូប និងលេងបានគ្រប់តំណែង។

លោកគ្រូ សោម ណារិទ្ធ បានបញ្ជាក់ថា ៖«ចាវសមត្ថភាពរបស់គាត់គឺកំប្លេហើយចាវ ឈរកន្លែងណាក៏បានដែរ ឈរស្ដាំក៏បាន បាល់ដេញក៏បាន ឆ្កែនោមក៏បាន និយាយរួមនៅខាងឆ្វេងក៏បាន បីម៉ែត្រក៏បានដែរបាល់គាត់ ចាវលេងបានគ្រប់រ៉ូល»។

គ្រូបង្វឹកបាល់ទះរបស់ក្លឹបស្នងការរូបនេះ ក៏បានបន្ថែមថាសមត្ថភាពពិសេសរបស់គេ គឺលេងបានគ្រប់រ៉ូល ហើយគេអាចវៃក្បាច់ឆ្កែនោមបានយ៉ាងល្អទៀតផង។ លោកបានពន្យល់ទៀតថា ក្បាច់នេះមិនសូវមានអ្នកហាត់ចេះទេ។

វាជាក្បាច់ដែលស្មាត់រត់ត្រង់សំដៅទៅអ្នកប៉ះសេ ប៉ុន្តែបែរជាឈានជើងវៃនៅខាងក្រោយខ្នងអ្នកប៉ះសេ ហើយក៏ជាក្បាច់ល្អមួយវៃដាច់បាំងគូប្រកួតច្រើន។ បើទោះបីជាចាវមានចំណុចល្អដូចដែលបានរៀបរាប់ខាងលើក៏ពិតមែន ប៉ុន្តែស្មាត់រូបនេះក៏មានចំណុចខ្សោយដែរ ពោលគឺខ្សោយត្រង់ការចាប់សេវ៉ា និងការការពារ ដែលចាំបាច់ត្រូវបំពេញបន្ថែម។

នេះបើតាមការបញ្ជាក់បន្ថែមពីលោកគ្រូ សោម ណារិទ្ធ បងប្រុសបង្កើតរបស់លោកគ្រូ សោម ចំណាប់។