Chelsea នឹងបើកកីឡដ្ឋាន Stamford Bride ស្វាគមន៍ Atletico Madrid សម្រាប់ជើងទីពីរពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយពេលលាម៉ោង៣:០០នាទីទៀបភ្លឺ។
កាលពីជើងទីមួយ Chelsea បានយកឈ្នះ ១-០ ដោយការទាត់បញ្ចូលទីរបស់ Olivier Giroud។ ប៉ុន្តែសម្រាប់ប្រកួតនេះវិញក្រុមលោក Tuchel អវត្តមានកីឡាករសំខាន់ដល់ទៅ៤នាក់រួមមាន Jorginho, Mason Mount, Thiago Silva និង Tammy Abraham។
គេនៅចាំបានថា កាលពីរដូវកាល២០១៩-២០ Atletico បានទម្លាក់ក្រុមជើងឯងចាស់ Liverpool ត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះឯង ដោយលទ្ធផលសរុបទាំងពីរជើង ៤-២។
សាកសួរទាក់ទងនឹងរឿងនេះទៅកាន់ Chelsea ជាក្រុមមកពីអង់គ្លេសដូចគ្នាលោក Tuchel បាននិយាយថា Chelsea មានការគោរពចំពោះ Atletico ព្រោះពួកគេជាក្រុមកំពុងនាំមុខនៅ La Liga។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បន្ថែមទៀតថា ក្រុមត្រូវការផ្ដោតលេងតាំងចិត្តខ្ពស់ និងលេងស្រែកឃ្លានជ័យជម្នះ។
សម្រាប់លោក Diego Simeone ក៏បានបញ្ជាក់មុនការប្រកួតដែរថា លោកនឹងដាក់ខ្សែប្រយុទ្ធ Joao Felix ឲ្យលេងជម្រើសដំបូង ព្រោះគេជាកីឡាករសំខាន់បំផុត៕