បណ្តាញសង្គម

ឱ ភារុន មិនចង់ពាក់លេខផ្សេងក្រៅពី​លេខ១៤​ ព្រោះ...

លេខ១៤ ជាលេខឯកសណ្ឋានដែលខ្សែប្រយុទ្ធស្លាបរបស់បឹងកេត ឱ ភារុន ស្រលាញ់ខ្លាំងបំផុតនាពេលបច្ចុប្បន្ន ហើយបើទោះក្លឹបផ្ដល់ជម្រើសលេខថ្មី ក៏រូបគេមិនចង់ប្ដូរដែរ។

នេះបើតាមការឱ្យដឹងពីភារុនផ្ទាល់។តើមូលហេតុអ្វីបានជាកីឡាករមកពីខេត្តបន្ទាយមានជ័យមិនព្រមប្ដូរលេខថ្មី? តើលេខនេះមានសារៈសំខាន់យ៉ាងណាចំពោះគេ? តើគេមាន Idol ពាក់លេខ១៤ដែរឬយ៉ាងណា?

តាមសម្ដីរបស់កីឡាករជំនាញជើងឆ្វេង Idol របស់គេគឺកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo សញ្ជាតិព័រទុយហ្គាល់ពាក់អាវលេខ ៧ ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបសេះបង្កង់ Juventus ប្រទេសអ៊ីតាលី។

ឱ ភារុន បានបង្ហើបថា ៖«បាទបង Idol របស់ខ្ញុំ Ronaldo ទេ គ្រាន់តែលេខ១៤ខ្ញុំពាក់យូរឆ្នាំទៅ ខ្ញុំស្រលាញ់លេខហ្នឹង ហើយក៏អត់ចង់ដូរលេខដែរ។ ចំពោះរដូវកាលថ្មីគេឱ្យដូរលេខដែរ គ្រាន់តែខ្ញុំអត់ដូរ ដោយសារស្រលាញ់លេខហ្នឹង»។

គួរបញ្ជាក់ថា ភារុនឡើងមកលេងឈុតធំបឹងកេតដំបូងក្នុងឆ្នាំ២០១៦ ដែលកាលនោះគេពាក់លេង៤០។ លេងបានមួយឆ្នាំ ទើបកីឡាករវ័យ២១ឆ្នាំ ប្ដូរមកពាក់លេខ១៤ រហូតមកទល់សព្វថ្ងៃ៕