បណ្តាញសង្គម

រំលែក​ទុក្ខ! លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ​ស្តើង ជា ​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រកីឡាកម្ពុជា ស្លាប់ដោយសារកូវីដ១៩ ព្រឹកមិញ

ដំណឹងដ៏សោកសៅរបស់ក្រុមកីឡាកម្ពុជា ដែលព្រឹកមិញនេះលោក វេជ្ជបណ្ឌិត ស្តើង ជា ដែលជាអ្នកជួយខាងផ្នែកកីឡាពាក់ព័ន្ធនិងសុខភាព និងការហ្វឹកហាត់នាពេលកន្លងមកបានទទួលមរណភាពហើយដោយសារតែជំងឺ កូវីដ ១៩ ក្នុងជន្មាយុ ៧៥ ឆ្នាំនៅឯមន្ទីរពេទ្យខ្មែរសូវៀត។

រំលឹកដែរថា លោក វេជ្ជបណ្ឌិត ស្តើង ជា ជាបុគ្គលសំខាន់មួយរូបក្នុងវិស័យកីឡានៅកម្ពុជា និងតែងតែជួយជាសកម្មរាល់កិច្ចការផ្សេងដូចជាបើកវគ្គសិក្ខាសាលា និងការចេញទៅជាមួយក្រុមអត្តពលិកខ្មែរនាពេលកន្លងមក។

លោកគ្រូតា ជាវេជ្ជបណ្ឌិតឯកទេស រោគកុមារ នៅមន្ទីរពេទ្យកុមារជាតិ ដែលចូលនិវត្តន៍ និងបង្រៀននៅសាកលវិទ្យាល័យអន្តរជាតិផងដែរ។

ការស្លាប់របស់លោកគ្រូ គឺជាករណីទី៤ហើយនៅកម្ពុជា ដែលមានអ្នកជំងឺកូវីដ១៩ បានស្លាប់ ក្រោយពីឆ្លងមេរោគនេះ។

ប្រភពនៅមន្ទីរពេទ្យបានបញ្ជាក់ថា លោកគ្រូ ទើបតែតេស្តឃើញវិជ្ជមានកូវីដ១៩ នៅយប់ថ្ងៃទី ២១ ខែមីនានេះ ហើយបានចូលសម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី ២១ ខែមីនា ក្នុងសភាពហត់ខ្លាំង។

ដោយក្រុមគ្រូពេទ្យពិនិត្យឃើញមានសភាពរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាសុីនជំនួយដង្ហើម គ្រូពេទ្យព្យាយាមសង្គ្រោះតែសង្គ្រោះមិនបានក៏ស្លាប់បាត់បង់ជីវិត៕