បណ្តាញសង្គម

​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​​​កម្ពុជា​មិនមែន​លោក Felix ​ទៀត​ទេ​

កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជាផ្លូវការរួចហើយ ពីការតកុងត្រាជាមួយលោក Honda ជាអ្នកចាត់ការរហូតដល់ឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម។

យ៉ាងណាក្នុងសេចក្ដីប្រកាសនេះសហព័ន្ធមិនទាន់បានបញ្ជាក់អំពីគ្រូបង្វឹកថា នៅតែជាលោក Felix Dalmas ឬក៏អត់នៅឡើយ។ ប៉ុន្តែលោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្លែងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះថា «ខ្ញុំអាចឆ្លើយបានថា យើងយកលោក Keisuke Honda ដែលជាជនជាតិជប៉ុន និងជាកីឡាករអន្តរជាតិដ៏ល្បីល្បាញរូបនេះបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងឋានៈជាអ្នកចាត់ការទូទៅដដែល មានន័យថា យើងបន្តកុងត្រាថ្មី ដោយលោក Honda នឹងពិនិត្យមើលក្រុមឈុតធំ និងក្រុមឈុតអាយុក្រោម២៣ឆ្នាំ។

ចំណែកឯលោក Felix Dalmas ជនជាតិអាហ្សង់ទីន ដែលជាអតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា នៅក្នុងក្រុមដឹកនាំជាមួយលោក Honda កាលពីពេលកន្លងទៅនោះ មិនបន្តដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយើងទៀតទេ»។

ទាក់ទងរឿងនេះ Sabay បានសុំធ្វើការបញ្ជាក់ពីខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ប៉ុន្តែខាងសហព័ន្ធស្នើរឲ្យរង់ចាំការប្រកាសជាបន្ទាប់ៗនៅពេលក្រោយ។ ចំណែកលោកគ្រូបង្វឹកថ្មី ដែលត្រូវដឹកនាំកម្ពុជានោះគឺជនជាតិជប៉ុនដែលកំពុងស្ថិតនៅកន្លែងធ្វើចត្តាឡីស័ក៕