បណ្តាញសង្គម

Ronaldo ​នឹង​ចេញ​ពី Juventus ​ភ្លាម ​ឱ្យ​តែ Real Madrid ​ហៅ​

ប្រភពនៅអេស្ប៉ាញ បានអះអាងថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចាកចេញពី Juventus ភ្លាមតែម្ដង ប្រសិនបើទទួលការហៅពីក្លឹប Real Madrid ។

បន្ទាប់ពីបរាជ័យនៅ Champions League ហើយក្នុងលីគកាន់តែឆ្ងាយពីក្រុមកំពូលតារាងទៀតនោះ ស្រាប់តែមានដំណឹងថាក្លឹប Juventus ទំនងជាមិនអាចរក្សា Ronaldo ទៀតទេ ព្រោះរូបគេមកប៉ុន្មានរដូវកាលមកនេះ មិនទាន់សម្រេចគោលដៅក្លឹបឡើយ។

ខណៈដែលវិបត្តិកូវីដ១៩បន្ដ ធ្វើឱ្យហិរញ្ញវត្ថុក្លឹបកាន់តែដុនដាប ហើយតម្លៃពលកម្មរបស់កីឡាករវ័យ៣៦ឆ្នាំនេះទៀតគឺខ្ពស់ខ្លាំង ជាង២០លានផោនក្នុង១ឆ្នាំឯណោះ។ ប្រភពជាច្រើនបានអះអាងថាចប់រដូវកាលនេះ Ronaldo នឹងដើរចេញពី Juventus ហើយ។

ដោយក្លឹបដែលទំនងជាងគេនោះគឺ Real Madrid តែម្ដង។ សមាជិកនៅក្លឹបអធិរាជសទាំងអស់សុទ្ធតែនឹករលឹកដល់រូបគេ។ Zidane ដែលជាអ្នកចាត់ការក្រុម បាននិយាយថាវានៅតែអាចទៅរួចដែលវីរបុរសក្លឹប Real Madrid ត្រលប់មកវិញបាន។

ដែលនេះបញ្ជាក់ថា Ronaldo នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការត្រលប់ទៅកន្លែងដែលខ្លួនឈ្នះគ្រប់យ៉ាងហើយនោះ ប្រសិនបើមានការហៅពីសំណាក់ថ្នាក់ដឹកនាំក្រុម Real Madrid មែន៕