បណ្តាញសង្គម

នេះ​ជាមូលហេតុ​ ឡុង ម៉េងហាវ ​ចេញ​ពី​ក្លឹប​កីឡាករ​ខ្មែរ​សុទ្ធ​អគ្គិសនី​កម្ពុជា

រដូវកាលមុនខ្សែប្រយុទ្ធ ឡុង ម៉េងហាវ បានចូលរួមជាមួយក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា បន្ទាប់ពីចេញពី ក្លឹបយក្សវិសាខា។ មកដល់ក្រុមដែលប្រើយុវជនខ្មែរសុទ្ធសាធនេះ ម៉េងហាវ បានបង្ហាញខ្លួនច្រើនប្រកួតដែរ ប៉ុន្តែគេធ្វើហាក់មិនសូវបានល្អ រហូតបាត់បង់ឱកាសលេង និងជម្រើស១១នាក់ទៀតផង។

តើមកពីមូលហេតុអ្វី? តើមូលហេតុទាំងនោះឬទើបធ្វើឲ្យគេចាកចេញទៅកាន់អង្គរថាយហ្គឺរ? ជុំវិញបញ្ហានេះ ឡុង ម៉េងហាវ បានឲ្យដឹងថា អគ្គិសនីកម្ពុជាជាក្លឹបមួយល្អ ដែលបណ្ដុះបណ្ដាលសុទ្ធតែយុវជនខ្មែរ ហើយមូលហេតុដែលគេចេញ ព្រោះគេចង់ស្វែងរកក្លឹបមួយទៀត ដែលអាចប្រជែងនឹងក្លឹបដទៃទៀត នៅក្របខណ្ឌលីគកំពូលកម្ពុជា បើនិយាយឲ្យខ្លីគឺក្លឹបមានកីឡាករបរទេស។

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ប្រាប់ថា ៖«ខ្ញុំចេញពីអគ្គិសនីកម្ពុជា ព្រោះខ្ញុំចង់រកក្លឹបណាដែលអាចប្រកួតជាមួយក្លឹបគេធំៗទៀតបាន។ អគ្គិសនីកម្ពុជា បងដឹងស្រាប់ហើយ គាត់អត់មានកីឡាករបរទេស សុទ្ធកីឡាករខ្មែរ ហើយណាមួយមានក្មេងៗច្រើនទៀត អ៊ីចឹងការប្រកួតប្រជែងក៏ពិបាកក្នុងលីគដែរ។

អ៊ីចឹងខ្ញុំសម្រេចទៅក្លឹបណាធំមួយ ដើម្បីអាចប្រកួត ប្រជែងជាមួយគេបាន ខ្លួនខ្ញុំក៏អាចប្រកួតប្រជែងជាមួយគេដែរ ដោយសារគេមានបទពិសោធច្រើន កីឡាករបរទេសអ៊ីចឹងទៅ វាយោងគ្នាទៅតាមហ្នឹង »។

ធ្លាប់លេងឲ្យក្លឹបដែលមានកីឡាករបរទេសល្អៗ តែដល់ពេលមកចូលរួមជាមួយអគ្គិសនីកម្ពុជា ម៉េងហាវ សង្កេតថាខ្លួនឯងហាក់ធ្លាក់ទម្រង់លេងខ្លាំង ធ្វើឲ្យគ្រូបាត់ទំនុកចិត្ត ហេតុដូច្នេះហើយទើបគេសម្រេចទៅក្លឹបអង្គរថាយហ្គឺររដូវកាលនេះ។

ចូលរួមជាមួយអង្គរថាយហ្គឺររដូវកាលឆ្នាំ២០២១ នេះ ឡុង ម៉េងហាវ បានបង្ហាញខ្លួនពីរលើក និងរកបាន១គ្រាប់ក្នុងការប្រកួតរវាងអង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យ ក្នុងសប្ដាហ៍ទីពីរ៕