បណ្តាញសង្គម

Diakhaby ប្ដឹង​អាជ្ញាកណ្ដាល​ កីឡាករ Cadiz បាន​ហៅ​ខ្លួន​ថា អាខ្មៅ​​ដែល​គួរ​ឲ្យ​ខ្ពើម

លោកអាជ្ញាកណ្ដាល David Medie Jimenez ដែលកាត់សេចក្ដីក្នុងការប្រកួតរវាង Valencia ទល់នឹង Cadiz បានបញ្ជាក់ឲ្យពីសម្ដីរបស់ខ្សែការពារ Mouctar Diakhaby ដែលបានប្ដឹងមកកាន់លោក។

រឿងហេតុបានកើតឡើងនៅវគ្គទីមួយ បន្ទាប់ពី Diakhaby កីឡាកររបស់ Valencia បានចោទប្រកាន់ថា Juan Cala របស់ Cadiz បាននិយាយរើសអើងពូជសាសន៍មកកាន់ខ្លួន។

ក្រុម Valencia បានសម្រេចចិត្តដើរចេញពីទីលាន ប៉ុន្តែការប្រកួតបានចាប់ផ្ដើមឡើងវិញ ពេលដែលពួកគេយល់ព្រមលេងបន្ត ខណៈ Diakhaby សុំប្ដូរចេញ។ ក្រោយចប់ការប្រកួតលោកអាជ្ញាកណ្ដាល David Medie Jimenez បានចេញមកបញ្ជាក់រឿងខាងលើថា៖ “នៅនាទី២៩ ខ្ញុំបានផ្អាកការប្រកួត ព្រោះតែការប្រឈមមុខដាក់គ្នារវាងក្រុមទាំងពីរ។

Diakhaby បានប្រាប់ខ្ញុំថា Juan Cala បានហៅគេ អាខ្មៅដែលគួរឲ្យខ្ពើម។ យ៉ាងណាសម្ដីនេះមិនមានមន្ត្រីអាជ្ញាកណ្ដាលរូបណាឮឡើយ”។ ប៉ុន្មាននាទីក្រោយមក ក្រុម Valencia បានសម្រេចចិត្តដើរចេញពីទីលាន ឈប់លេង។

បន្ទាប់ពីសម្រុះសម្រួលពួកគេបានត្រឡប់មកលេងវិញ ដើម្បីឲ្យការប្រកួតបានចប់សព្វគ្រប់ត្រឹមត្រូវ តែ ខ្សែការពារ Mouctar Diakhaby មានអារម្មណ៍មិនល្អក៏សុំប្ដូរចេញតែម្ដង៕