បណ្តាញសង្គម

ប៉ះក្រុមការពារ​ជើងឯកបឹងកេត AEU អវត្តមានកីឡាករសំខាន់ៗច្រើន

វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រុមអាស៊ីអឺរ៉ុបយូណាធីត នឹងបើកកីឡដ្ឋានខ្លួនទទួលស្វាគមន៍ក្រុមបឹងកេត ក្នុងពានរង្វាន់លីគកំពូល ក្រោយការផ្អាកដំណើរការអូសបន្លាយ អស់រយៈពេលជិតមួយខែដោយជំងឺឆ្លងកូវីដ-១៩។

ក្នុងជំនួបប៉ះក្រុមខ្លាំងបឹងកេត កូនក្រុមសំខាន់ៗរបស់លោក សុក វាសនា នឹងអវត្តមានច្រើនដោយពួកគេខ្លះជាប់ពិន័យ មានរបួស ហើយខ្លះទៀត សង្ស័យពាក់ព័ន្ធនឹងព្រឹត្តិការ២០កុម្ភៈ ត្រូវជាប់ធ្វើចត្តាឡីស័កនៅផ្ទះ តាមដានសុខភាព និងគោរពតាមគោលការណ៍ ៣កុំ ៣ការពាររបស់ក្រសួងសុខាភិបាល។

លោកបានសង្កត់ធ្ងន់ លើកីឡាករសង្ស័យជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍២០កុម្ភៈថា ៖«និយាយរួមទៅគឺគាត់មិនប៉ះពាល់អីច្រើនទេ គ្រាន់តែគេហៅថាបងប្អូនមកពីខេត្តចឹង គាត់ចត្តាឡីស័កនៅផ្ទះខ្លួនឯង គាត់អត់មានអីថាឆ្លងពីណាពីណីទេឆ្លងអីទេ គ្រាន់តែគាត់សង្ស័យក៏គាត់ដាក់ខ្លួនដោយឡែកទៅ ចឹងយើងក៏ឱ្យគាត់អនុវត្តតាមហ្នឹងទៅ គ្រាន់តែថាគាត់អត់មានឆ្លងកូវីដអី ទាក់ទងដោយប្រយោលឬក៏អីទេគ្រាន់តែសង្ស័យ គាត់ក៏មិនមានអាការៈអីផងដែរ»។

ចំពោះកីឡាករដែលនឹងខកខានក្នុងជំនួបនេះមានដូចជា ឡាយ រស្មី ឡាក់ សុភ័ក្ត្រា ព្រីង ចិត្រា និង សាន នីរាក់ធន។ ទោះជួបវិបត្តិកីឡាកររបួស ពេលប្រមូលផ្ដុំមានរយៈពេលខ្លី ហើយកីឡាករធ្លាក់កម្លាំងក្ដី ប៉ុន្តែក្រុមលោកត្រៀមខ្លួនបាន៧០%ហើយ។

លោកសង្ឃឹមថាកូនក្រុមនឹងធ្វើបានល្អ និងជាពេលដែលពួកគេត្រូវបង្ហាញសមត្ថភាព ក្នុងជំនួបប៉ះក្រុមការពារជើងឯក ដែលសំបូរដោយកីឡាករឆ្នើមៗបឹងកេត៕