បណ្តាញសង្គម

វេង​ សុភ័ក្រ​ ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ ខណៈ​ តាញ់​ មករា​ និង​ វិឆ័យ​ ចាំ​អ៊ុត​ប្រកួត​ចុង​ក្រោយ

កម្មវិធីដំណើរឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមរបស់គោជល់ នៅសង្វៀន CNC បានរកឃើញជើងខ្លាំង១រូបទៀតហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺ វេង សុភ័ក្រ។ក្នុងពូល B នេះនៅប្រទាញប្រទង់គ្នាបន្តិចរវាង តាញ់ មករា និង សោម វិឆ័យ ដោយសារតែ២ប្រកួតគឺ ឈ្នះ១ និងចាញ់១ ដូចគ្នា។

ប៉ុន្តែ តាញ់ មករា ឈ្នះ១ ចាញ់១ នេះទើបមាន៣ពិន្ទុនោះទេ ព្រោះចាញ់ដោយស្វ័យប្រវត្តិធ្វើទម្ងន់មិនបានក្នុងប្រកួតដំបូង ដូច្នេះមិនទទួលបានពិន្ទុឡើយ។រវាង មករា និង វិឆ័យ គឺ វិឆ័យ មានតែមឡើងជាង ព្រោះកំពុងមាន៤ពិន្ទុក្នុងដៃ ដូច្នេះបើប្រកួតចុងក្រោយគេឈ្នះ វេង សុភ័ក្រ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បើទោះ តាញ់ មករា ឈ្នះប្រកួតចុងក្រោយដែរក៏ដោយ។

មួយវិញទៀតដែរអាចនិយាយបានថា វេង សុភ័ក្រ ចង់ឲ្យនរណាឡើងគឺឡើង មានន័យថាបើគេប្រឹងវ៉ៃឲ្យឈ្នះ វិឆ័យ គឺ តាញ់ មករា ឈ្នះ ឡុង ឡា បានឡើងទៅវគ្គខ្វែងហើយ។

តែបើ សុភ័ក្រ ទម្លាក់ ឬវ៉ៃលេងៗឲ្យ សោម វិឆ័យ ឈ្នះគឺអ្នកទាំង២ដឹកដៃគ្នាទៅវគ្គខ្វែងបន្ត។រំលឹកដែរថា ការប្រកួតសន្សំពិន្ទុក្នុងពូល B កាលពីថ្ងៃសៅរ៍ ទី១៥ ឧសភា ២០២១ នេះ វេង សុភ័ក្រ ឈ្នះ ឡុង ឡា ទឹក៤ ចំណែក តាញ់ មករា ឈ្នះពិន្ទុ សោម វិឆ័យ។

សម្រាប់ពូលនេះ សុភ័ក្រ មាន៦ពិន្ទុបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ សោម វិឆ័យ មាន ៤ពិន្ទុ ឈ្នះ១ ចាញ់១ រីឯ តាញ់ មករា ឈ្នះ១ និងចាញ់ស្វ័យប្រវត្តិ១ មាន៣ពិន្ទុ៕