Georginio Wijnaldum នឹងពាក់ស្លាកប្រធានក្រុមពណ៌ឥន្ធូរជាមួយនឹងពាក្យ "One Love” ក្នុងការប្រកួតរបស់ហូឡង់នៅវគ្គ១៦ក្រុមចុងក្រោយពាន Euro ២០២០ ទល់នឹងឆេកក្នុងប្រទេសហុងគ្រីនៅថ្ងៃអាទិត្យនេះ។
ខ្សែបម្រើដែលទើបផ្លាស់ពី Liverpool ទៅចូលរួមជាមួយ PSG ក៏បាននិយាយបន្ថែមទៀតថា ក្រុមហូឡង់ក៏នឹងដើរចេញពីទីលានផងដែរ ប្រសិនបើមានការរើសអើងពូជសាសន៍និងភេទ។
កន្លងទៅ Cristiano Ronaldo និង Kylian Mbappe សុទ្ធតែធ្លាប់ត្រូវបានរើសអើងកាលពីប្រកួតក្នុងពូលនៅកីឡដ្ឋាន Pukas Arena ក្នុងប្រទេសហុងគ្រី។ Wijnaldum បានលើកឡើងថា ការពាក់ស្លាកដៃដូចដែលបានរៀបរាប់ខាងលើគឺចង់ប្រឆាំងនឹងច្បាប់អនុម័តរបស់ហុងគ្រីដែលហាមមិនឲ្យក្រុមស្រឡាញ់ភេទដូចគ្នាចូលរួមកម្មវិធីទូរទស្សន៍សម្រាប់អ្នកទស្សនាដែលមានអាយុក្រោម១៨ឆ្នាំ និងចែកសម្ភារៈសិក្សាតាមសាលា។
“វាមិនត្រឹមតែប្រឆាំងនិងប្រទេសហុងគ្រីទេ។ ស្លាកដៃនេះមានអត្ថន័យច្រើនណាស់ ព្រោះពួកយើងឈរលើភាពចម្រុះ។ One Love មានន័យថា គ្រប់គ្នាគឺជាផ្នែករបស់វា ហើយគ្រប់គ្នាគួរតែមានសេរីភាពដើម្បីបង្ហាញថា ពួកគេជានរណា"។ សម្ដី Wijnaldum៕