បណ្តាញសង្គម

ហុង ផេង បាត់មុខឈឹងលើសមរភូមិវាលស្មៅរដូវកាលនេះ

ក្នុងការប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២១នេះ ខ្សែការពារ ហុង ផេង បានបាត់មុខសូន្យឈឹងលើសមរភូមិវាលស្មៅ ខណៈបឹងកេតលេងបាន៨ប្រកួតដោយគ្មានរូបគេ។

ពាក់ព័ន្ធនឹងចំណុចនេះ អតីតខ្សែការពារជម្រើសជាតិ ហុង ផេង បានប្រាប់មកកាន់ Sabay នាព្រឹកនេះថាដោយសាររបួសជង្គង់ចាស់ឆ្នាំ២០១៦របស់គេធ្វើទុក្ខឡើងវិញ ស្របពេលរបួសថ្មីកាលពីខែតុលា ឆ្នាំ២០២០ បានជាសះស្បើយទៅហើយនោះ។

ហុង ផេង ពន្យល់ថា៖ «ខ្ញុំវះជើងថ្មី(ឆ្វេង)ហើយ បានជាហើយ បានធូរហើយ តែជើងស្ដាំ(ចាស់)នៅហើមតិចតួចធ្វើឱ្យយើងវិលត្រឡប់វិញ ដោយសារជើងចាស់វានៅហើមនៅឈឺតិចតួច យើងអត់ទាន់(ជា)១០០% អត់ទាន់អាចលេងវិញបានទេ»។

ទើបតែថ្មីៗនេះដែរទេដែលអាការៈជំងឺចាស់របស់ហុងផេងរើរឡើងវិញ ពោលគឺអំឡុងពេលគេចូលហាត់ជាមួយក្រុម។ គួរបញ្ជាក់ថា នាថ្ងៃទី២៧ កក្ដដា វេលាម៉ោង ៣កន្លះរសៀលខាងមុខ បឹងកេតនឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមនគរបាលជាតិ ហើយក្នុងជំនួបនេះក៏ទំនងជាមិនមានវត្តមានរបស់ខ្សែការពារឆ្នើមរូបនេះដែរ៕