បណ្តាញសង្គម

Bale បាត់​តំណែង​អាវ​លេខ​១១​នៅ Real ដោយ​ផ្ទេ​ទៅ​កីឡាករ​អេស្ប៉ាញ​ម្នាក់​នេះ

ខ្សែបម្រើប្រយុទ្ធ Gareth Bale កំពុងជួបបញ្ហារឿងលេខអាវ បន្ទាប់ពីត្រឡប់មកកាន់ Real Madrid ក្រោយបញ្ចប់ការខ្ចីជើងពីក្លឹប Spurs។

Bale បានចំណាយពេលកាលពីរដូវកាលមុនខ្ចីជើងទៅ Spurs ដោយសម្រេចចិត្តពាក់លេខ៩នៅទីនោះ។ ប៉ុន្តែអំឡុងពេលអវត្តមាននៅ Real ខ្សែបម្រើប្រយុទ្ធ Marco Asensio បានយកអាវលេខ១១មកពាក់។

Bale ពាក់លេខ១១ តាំងតែផ្ទេមកកាន់ Madrid ដំបូង និងជួយក្រុមឈ្នះពាន១៣គ្រឿង។ សម្រាប់ការវិលមកវិញនៅរដូវកាលថ្មីនេះ Bale នឹងត្រូវប្រើលេខថ្មី ខណៈលេខ១១ Asensio យកបាត់ហើយ។

៤លេខដែលនៅសល់និងល្អ Bale អាចជ្រើសយកមកពាក់បានមាន១៦ ១៨ ២១ និង ១៤។ តាមពិតទៅលេខ១៤ជារបស់ Casemiro តែគេនឹងប្ដូរមកពាក់លេខ៥វិញ ដែលជាអតីតកម្មសិទ្ធិរបស់ Varane ដែលទើបផ្លាស់ទៅ Man Utd។

David Alaba កីឡាករចំណូលថ្មី និងកំពុងព្យាបាលជំងឺកូវីដ-១៩ ត្រូវក្លឹបផ្ដល់អាវលេខ៤ឲ្យ ដែលធ្លាប់ពាក់ដោយអតីតប្រធានក្រុម Sergio Ramos៕